ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញទៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ សួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មីដល់នាយទាហាន នាយទាហានរង និងសិក្ខាកាមនៃកងរាជអាវុធហត្ថ
នាពិធីនោះ លោក នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយក្រៃលែង បានដឹកនាំប្រតិភូ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មកជួបសួរសុខទុក្ខ សំណេះសំណាល និងជូនពរឆ្នាំថ្មី ដែលជាទំនៀមទម្លាប់ ប្រពៃណីជាតិខ្មែរយើង ដែលមានតាំងពីបរមបុរាណកាលមក ។
ឆ្លៀតក្នុងឱកាសនោះ លោកនាយឧត្តមសេនីយ៍ ក៏បានពាំនាំនូវក្តីនឹករលឹក បណ្តាំសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានសមាគមន៍ជាតិ កាកបាទក្រហមកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះ លោក លោកស្រី នាយទាហាន នាយទាហានរង សិក្ខាកាម នៃមជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ទាំងអស់ និងសូមជូនពរសមប្រកបតែនិង សុខភាពល្អ សុភមង្គល និងទទួលបានជោគជ័យ នូវគ្រប់ភារកិច្ច ។
ជាមួយគ្នានោះដែរ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ រាល់ការប្រឹងប្រែង ធ្វើការងារ បង្រៀន បម្រើការ និងរៀនសូត្រ ក្នុងឆ្នាំកន្លងមក ក៏ដូចជាបណ្តាឆ្នាំមុនៗដែរ ។ ការខិតខំទាំងអស់នេះរបស់អស់លោក លោកស្រី បង្កើតបានជាកម្លាំងចលករ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រផែនការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ពិសេស ការធ្វើកំណែទម្រង់កងរាជអាវុធហត្ថ។ ការកែទម្រង់ ទាំងនោះលេចធ្លោរួមមាន រចនាសម្ពន្ធចាត់តាំងបុគ្គលិក កសាងហេដ្ឋារចនាសម្ពន្ធ សំណង់បន្ទាយ សាលា មធ្យោបាយ គ្រឿងបំពាក់ និងរបៀបរបបធ្វើការងារ ។ ខ្ញុំសូមថ្លែងអំណរគុណ រាល់ការគាំទ្រ របស់នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថយើង ដែលមានការយល់ដឹងបានត្រឹមត្រូវ ស្នេហាជាតិពិតប្រាកដ ចូលរួមគាំទ្រការធ្វើកំណែទម្រង់ ដែលដឹកនាំផ្ទាល់ដោយរូបខ្ញុំ ។ តាមរយៈកំណែទម្រង់កងរាជអាវុធហត្ថ មានការអភិវឌ្ឍន៍ រីកចម្រើន ធំធាត់លើច្រើនវិស័យ រ៉ាប់រងបាននូវតួនាទី ភារកិច្ច រួមចំណែកថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ ។
លោកនាយឧត្តមសេនីយ៍ ក៏បានរំលឹកថា ចាប់ពីទទួលតួនាទីជា មេបញ្ជាការ ខ្ញុំតែងចាត់ទុកការងារធនធានមនុស្ស ជាភារកិច្ចចម្បងជាកិច្ចការអទិភាព និងជាកត្តាជោគជ័យ ឬបរាជ័យ ក្នុងការបំពេញមុខងារ ជាមេបញ្ជាការ ។ បញ្ហាបរិមាណជារឿងម្យ៉ាង តែបញ្ហាគុណភាពគឺជាបញ្ហាគន្លឹះ មានតែសាលាដែលមានមូលដ្ឋានហេដ្ឋារចនា សម្ពន្ធ សម្ភារៈ គាំទ្រគ្រប់គ្រាន់ មានយោធាចារ្យពូកែ មានកម្មវិធី មេរៀនច្បាស់លាស់ ទើបអាចធ្វើនូវកិច្ចការដ៏សំខាន់នេះបាន ក្នុងស្មារតីនេះ ខ្ញុំតែងគិតត្រិះរិះពិចារណា រកទីតាំង ប្រមូលការគាំទ្រ ដើម្បីពង្រឹងសាលាកំបូលដែលមានស្រាប់ និងកសាងសាលាថ្មីគឺ មជ្ឈមណ្ឌលហ្វឺកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយនេះឡើង ។ ការខិតខំព្យាយាមជិត ១០ឆ្នាំ ទើបមានមជ្ឈមណ្ឌលហ្វឹកហ្វឺនមួយបានប៉ុណ្ណេះ ។
ខ្ញុំសូមយកឱកាសនេះ សូមថ្លែងអំណរគុណសម្តេចតេជោ ដែលលោកផ្តល់ទំនុកចិត្តសម្រេច ប្រគល់ទីតាំងនេះមកឱ្យកងរាជអាវុធហត្ថ សូមអរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានសម្រេចជ្រើសយកមជ្ឈមណ្ឌលនេះ សម្រាប់ការត្រៀមរៀបចំទទួលធ្វើម្ចាស់ផ្ទះ បាញ់កាំភ្លើងកីឡា កងទ័ពជើងគោកអាស៊ាន សូមអរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួង សាធារណៈការ និងដឹកជញ្ជូន អាជ្ញាធរអគ្គីសនីកម្ពុជា សប្បុរសជន និងបណ្តាប្រទេស ដៃគូរសហប្រតិ បត្តិការជាមិត្ត ដែលបានជួយគាំទ្រឧបត្ថម្ភ នូវគំនិតផ្តួចផ្តើមរបស់ខ្ញុំ ដែលទីនេះនិងក្លាយជាប្រយោជន៍ប្រវត្តិសាស្ត្រ ក្នុងការបណ្តុះបណ្តាល កសាងប្រភពធនធានមនុស្ស ក្នុងវិស័យ សន្តិសុខ និងការពារជាតិ។
ងាកមករឿងយើងនាពេលនេះវិញ គឺសភាពការណ៍ពិភពលោកទាំងមូល កំពុងទទួលរងនូវការរាតត្បាតដោយជំងឺឆ្លងកូវីដ-១៩(Covid-19) មកទល់និងពេលនេះ ពុំទាន់មានឱសថណាដែលអាចចាក់ការពារ ឬព្យាបាលពិតប្រាកដនៅឡើយ ចំនួនឆ្លងគឺរាលដាលយ៉ាងឆាប់រហ័ស ដែលពីដំបូងផ្ទុះឡើងនៅទីក្រុងវូហាន ខេត្តអ៊ូប៉ិយ ប្រទេសចិន បច្ចុប្បន្នបានឆ្លងនៅគ្រប់ប្រទេសទាំង ២០៨ លើ សកលលោក ធ្ងន់ធ្ងរបំផុតគឺប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនជឿនលឿន គឺមានមនុស្សឆ្លងជំងឺនេះ និងស្លាប់ច្រើន ។ ដោយសារភាពកាចសាហាវនៃវីរុសនេះ រដ្ឋាភិបាលនៅលើពិភពលោកបានបិទប្រទេស បណ្តាលធ្វើឱ្យចង្វាក់ផលិតកម្ម ចរាចរទំនិញ និងការធ្វើដំណើរជាប់គាំង ប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងប្រក្រតីភាពសង្គមទាំងមូល ។
ចំពោះប្រទេសកម្ពុជាយើងវិញ ជំងឺនេះមានអ្នកឈឺជាដំបូងគឺជនជាតិចិន នៅខេត្តព្រះសីហនុ បន្ទាប់មកជនជាតិខ្មែរ ឆ្លងពីជនជាតិជប៉ុននៅខេត្តសៀមរាប បន្ទាប់មកទៀតគឺនៅខេត្តកំពង់ចាម អ្នកធ្វើដំណើរតាមកប៉ាល់ទេសចរណ៍ មកពីប្រទេសវៀតណាម ក្រោយបន្ទាប់គឺបងប្អូនខ្មែរដែលទៅធ្វើសាសនា នៅប្រទេសម៉ាឡេស៊ី ចម្លងមកពីជនជាតិបារាំង និងថ្មីៗនេះ ឆ្លងពីជនជាតិចិន ។ ទោះជាចំនួនអ្នកឆ្លងនៅមានចំនួនតិចក្តី តែពេលនេះបងប្អូនពលករ ដែលវិលត្រឡប់មកចូលឆ្នាំផង និងគ្មានការងារធ្វើផងពីប្រទេសថៃ កូរ៉េ ជប៉ុន ដែលជាប្រទេសមានការឆ្លងផងដែរ គឺជាក្តីបារម្មណ៍ ។ ចឹងហើយឆ្នាំនេះ រាជរដ្ឋាភិបាល ហាមការប្រារព្ធពិធីចូលឆ្នាំ ហើយគ្រប់ស្ថាប័នរដ្ឋ និងឯកជនធ្វើការជាធម្មតា ។
ជាចុងក្រោយ លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ បានផ្តល់នូវដំបូន្មាន និងវិធានការល្អៗ ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩(Covid-19) និងអនុវត្តតួនាទី ភារកិច្ច កងរាជអាវុធហត្ថដូចខាងក្រោម៖
I. ត្រូវថែរក្សាការពារសុខភាពផ្ទាល់ខ្លួនយើងម្នាក់ៗ តាមចំណុចទាំង ៧ ខាងក្រោមៈ
1. ហូបមានជីវជាតិគ្រប់គ្រាន់ និងទៀងទាត់
2. សម្រាកគ្រប់គ្រាន់ និងទៀងទាត់
3. ហ្វឹកហាត់កីឡា ឬហាត់ប្រាណជាប្រចាំ និងទៀងទាត់
4. ធ្វើអនាម័យ សម្អាតរាងកាយ សម្លៀកបំពាក់ ផ្ទះសម្បែង ការិយាល័យធ្វើការ និងមធ្យោបាយ ឧបករណ៍ សម្ភារៈប្រើប្រាស់
– សម្រាប់បង្ការវីរុស កូវីដ-១៩(Covid-19) ត្រូវអនុវត្តតាមវិធានក្រសួងសុខាភិបាល
– សូមស្តាប់និងធ្វើតាមតែក្រសួងសុខាភិបាលមួយប៉ុណ្ណោះ ហាមទិញថ្នាំឬឧបករណ៍ ដែលនាំមកលក់ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល
5. ត្រូវមានស្មារតីនឹងនរ កុំតក់ស្លុត និងបង្កើតបរិយាកាសធ្វើឱ្យក្នុងចិត្តមានអារម្មណ៍សប្បាយ រីករាយជានិច្ច ។ ត្រូវតែមានជំនឿថា មនុស្សយើងពិតជាយកឈ្នះលើមេរោគជំងឺឆ្លងកូវីដ-១៩(Covid-19) នេះ ។ ទន្ទឹមនោះ ក៏ត្រូវប្រុងប្រយ័ត្នជាប់ជានិច្ចផងដែរ
6. បើសង្ស័យថាខ្លួនឆ្លងមេរោគ មានអាការៈមិនធម្មតាក្នុងខ្លួន ប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យ ឱ្យគ្រូពេទ្យឯកទេសធ្វើការពិនិត្យ
7. បើការពិនិត្យរបស់គ្រូពេទ្យឯកទេសរកឃើញថាខ្លួនយើងផ្ទុកមេរោគ ហើយងមានជំងឺ គឺត្រូវតែទៅសម្រាកព្យាបាលតាមការកំណត់របស់គ្រូពេទ្យ ។
II. បន្តធ្វើការងារ រៀនសូត្រធម្មតា(មានន័យថា មិនអនុញ្ញាតិឱ្យឈប់) ទាំងអស់គ្នាត្រូវនៅក្នុងបន្ទាយ សាលា ។ ហាមចេញក្រៅ និងហាមមនុស្សខាងក្រៅចូលមកក្នុងបន្ទាយ ឬសាលា នាយទាហាន នាយទាហានរង ឬសិក្ខាកាមរូបណា មិនគោរព បំពាន គឺប្រឈមមុខ និងការលប់ឈ្មោះពីបញ្ជី កងយោធពលខេមរភូមិន្ទ ។
III. ត្រៀមខ្លួនអនុវត្ត បទបញ្ជា ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើស ។
IV. ចាត់តាំងដាំបន្លែ និងចិញ្ចឹមសត្វ អាវុធហត្ថម្នាក់ដាំបន្លែ ៣០Kg និងចិញ្ចឹមសត្វ ១២ក្បាល ។
ពិតមែនតែមិនអនុញ្ញាតិឱ្យរៀបចំពីធីជប់លៀង ផឹកស៊ីគ្រឿងស្រវឹង រាំរែក ក្រៅពីថវិកា ៥០.០០០ (ហាសិបពាន់)រៀល ដែលរាជរដ្ឋាភិបាលផ្តល់សម្រាប់ចូលឆ្នាំ មេបញ្ជាការ និងបង្កើនម្ហូបជាសាច់ម្នាក់ៗ កន្លះគីឡូក្រាម(0,5Kg) ក្នុង ១ថ្ងៃ រយៈពេល ៤ថ្ងៃ គឺ ថ្ងៃទី១៣ – ១៤ ១៥ និង១៦ ។
មុននិងបញ្ចប់ ខ្ញុំសូមអរគុណ នូវការសហការគ្នារៀបចំកម្មវិធី សំណេះសំណាលនាថ្ងៃនេះ និងសូមជូនពរគ្រប់ៗគ្នា មានសុខភាពល្អ ចៀសផុតពីជំងឺរាតត្បាតអាសន្នរោគកូវីដ-១៩ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។