ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជារបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអនុវត្តតាមលោក ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរង ទទួលការងារហ្វឹកហ្វឺន ព្រមទាំងឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទស បានអនុញ្ញាតឱ្យស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បើកវគ្គហ្វឹកហ្វឺន ដល់ពលទាហាននៃកងរាជអាវុធហត្ថជ្រើសរើសថ្មីបំពេញក្របខ័ណ្ឌធ្វើបច្ចុប្បន្នភាព (ជំនាញពេទ្យ) ដែលមានសិក្ខាកាមចូលរៀនចំនួនៈ១២នាក់ដោយផ្តោតលើមុខវិជ្ជាពីគឺៈមុខវិជ្ជាយោធា មុខវិជ្ជាកងរាជអាវុធហត្ថសិក្សារយៈពេល០១ខែ។ កម្មវិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ នៅសាលប្រជុំនៃបញ្ជាការដ្ឋានកងរាជងាវុធហត្ថលើផ្ទៃប្រទេស ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីសំណាក់ នាយ នាយរងការិយាល័យជំនាញ និងនាយអាវុធហត្ថដែលមានការពាក់ពន្ធជាច្រើនរូបទៀត។
បន្ទាប់ពីលោក វរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺន បានឡើងអានរបាយការណ៍បើកវគ្គហ្វឹកហ្វឺនរួចមក លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា បានមានប្រសាសន៍ថា៖ការបើកវគ្គហ្វឹកហ្វឺននេះមានរយៈពេលខ្លីដោយយើងត្រូវការធនធានមនុស្សដែលមានវិជ្ជាជីវៈពិតប្រាកដ ហើយមានជំនាញជាគ្រូពេទ្យ, ជំនាញជាវិជ្ជបណ្ឌិត ដើម្បីបម្រើការងារទប់ស្កាត់នឹងមេរោមជំងឺខូវីដ ១៩នេះ ក្នុងនាមទៅបម្រើសេវាសុខាភិបាលឱ្យកងរាជអាវុធហត្ថទូទាំងប្រទេស។ ដូច្នេះសិក្ខាកាមទាំងអស់ត្រូវតែមានវិន័យម៉ឺងម៉ាត់ និងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ គោរពវិន័យកងទ័ព គោរពបទបញ្ជាសាលា ព្រមទាំងខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រឱ្យអស់ពីសមត្ថភាព ហើយត្រូវមានការសាមគ្គីភាពផ្ទៃក្នុង និងចេះសួរ ជជែកពិភាក្សាគ្នា និងខិតខំយកចិត្តទុកដាក់ស្ដាប់យោធាចារ្យពន្យល់ណែនាំបង្ហាត់បង្ហាញគ្រប់ខ្លឹមសារនីមួយៗ ឱ្យបានច្បាស់លាស់រវាងទ្រឹស្ដីនឹងការអនុវត្តន៍ជាក់ស្ដែង ម្យ៉ាងវិញទៀតត្រូវរក្សាសណ្ដាប់ធ្នាប់ក្នុងពេលរៀនសូត្រ។ ជាចុងក្រោយឧត្តមសេនីយ៍ក៏បានរំលឹកប្រសាសន៍ផ្ដាំផ្ញើរបស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការ ដល់សិក្ខាកាមទាំងអស់អំពីការការពារ និងទប់ស្កាត់នូវមេរោគជំងឺខូវីដ១៩ (ហៅថាជំងឺអាសន្នរោគឆ្នាំ២០១៩) កំពុងរាតត្បាតហើយក្តីកង្វល់នេះជាឧបសគ្គទាំងមូលរបស់មនុស្សជាតិនៅលើពិភពលោកយើងនេះ ដើម្បីសុខភាព និងរក្សាសុវត្ថិភាពជីវិតរស់នៅសិក្ខាកាមទាំងអស់ត្រូវតែប្រកាន់ភ្ជាប់អនុវត្តយ៉ាងម៉ឺងម៉ាត់ នូវវិធានការណ៍ណែនាំផ្សព្វផ្សាយដោយក្រសួងសិខាភិបាល និងបទបញ្ជា សេចក្កីណែនាំរបស់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ ៧ចំណុចដែលបានដាក់ចេញ ឱ្យនាយ និងពលអាវុធហត្ថអនុវត្តសព្វថ្ងៃនេះ៕