នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ករណីលួចមានស្ថានទម្ងន់ទោស(លួចកាច់ ក ម៉ូតូ)។
ឈ្មោះ ផាន់ វណ្ណនិត ភេទប្រុស អាយុ ២៧ឆ្នាំ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូរបស់ប្រជាពលរដ្ឋដោយបន្លំធ្វើជាទៅសួរ រកបន្ទប់ជួលហើយបានឆ្លៀតឳកាសលួច កាច់ ក ម៉ូតូ ០២គ្រឿង ម៉ាក ស៊ុយស៊ុយគីនិច ពណ៍សលាយផ្កាឈូក ស្លាកលេខ សៀមរៀប 1Y-2402 និងម៉ាកហុងដា ស្កុបពី ពណ៍ក្រហមលាយស ស្លាកលេខ 1S-1177 តែត្រូវបានបងប្អូនរបស់ជនរងគ្រោះឃើញទាន់ ស្រែកឆោរឡោ ចោរៗ និងប្រតាយប្រតប់ គ្នាស្របពេលដែលកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ល្បាតក្នុងភូមិសាស្រ្តរបស់ខ្លួនឃើញ បានចុះទៅឃាត់ខ្លួនតែម្តង។ ករណីនេះកើតឡើងកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥:៥០នាទី នៅចំណុច ផ្ទះលេខ50ED ផ្លូវ៣៧៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ចអាវុធហត្ថ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេ និងបក្ខពួក ឈ្មោះ ហុល អាយុប្រហែល២៧ឆ្នាំ(គេចខ្លួន) បានជិះម៉ូតូ ០១គ្រឿង ម៉ាក DUKE ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1BU-1661 ទៅសួររកបន្ទប់ជួលនៅចំណុច ខាងលើ ហើយម្នាក់ធ្វើជាសួរ ម្នាក់ទៀតបានឆ្លៀតឳកាសលួចកាច់ ក ម៉ូតូរបស់ប្រជាពលរដ្ឋដែលនៅទីនោះផងដែរ តែពួកគេមិនបានយកម៉ូតូដែលកាច់ ក នោះចេញភ្លាមទេ គឺពួកគេបានយកម៉ូតូដែលជិះធ្វើសកម្មភាពទៅផ្ញើរកន្លែងផ្សេងសិន ហើយបានជិះ PassApp មកវិញ ដើម្បីមកយកម៉ូតូដែលពួកគេកាច់ ក ទុកស្រាប់នោះ តែត្រូវបានប្រជាពលរដ្ឋ និងបងប្អូនរបស់ម្ចាស់ម៉ូតូ ដឹងពីល្បិចពួកគេ បានចូលទៅឃាត់ខ្លួន ព្រមទាំងមានការប្រតាយប្រតប់គ្នា ភ្លាមនោះ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ល្បាតឃើញ បានចុះមកឃាត់ខ្លួនតែម្តង ចំណែកបក្ខពួកមា្នក់ទៀត ឈ្មោះ ហុល បានរត់គេចខ្លួនបាត់។ រូបគេបានប្រាប់បន្ថែមទៀតថា កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល០៩:៣០នាទី រូបគេនិងបក្ខពួកដែលរត់គេចខ្លួននេះ បានធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ ០១គ្រឿង បានសម្រេចមកហើយដែរ ម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ស៊េរីឆ្នាំ២០១៦ ស្លាកលេខ ភ្នំពេញ 1FK-9673។