រតនគិរី៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២០ យោងតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ថា យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ មីន មេបញ្ជាការ មូលដ្ឋានស្រុកបានចុះសាវជ្រាវ រុករកបទល្មើសព្រៃឈើស្ថិតក្នុងភូមិសាស្ត្រស្រុកអូយ៉ាដាវ ខេត្តរតនគិរីជាក់ស្ដែង កម្លាំងបានចុះដល់ចំណុចភូមិភិ ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរីបានប្រទះឃើញគំនរឈើដែលក្រុមឈ្មួញបានដឹកជញ្ជូនតាមម៉ូតូយកមកលាក់នៅចំការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ ក្បែរប៉ុស្តិ៍នគរបាលភូមិភិ ដែលមានចម្ងាយប្រហែល ៣៥០ ម៉ែត្រ ដោយមានការសមម្របសម្រួលពីលោក ប៊ូ រ៉ាឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងបានចាប់យកវត្ថុតាងរួមមានឈើចម្រុះក្នុងនោះឈើសុក្រម ស្រឡៅ គគីរ សរុបចំនួន ៦០កំណាត់ដែលមានមុខកាត់ចាប់ពី ២០-៣០ ឡើងទៅដោយមិនទាន់ធ្វើការវាស់វែង ។
បច្ចុប្បន្នវត្ថុតាង ត្រូវបានប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើ ឈើស្រុកបកែវចាត់ការតាមនីតិវិធីច្បាប់ ។