បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចការបែងចែកភារកិច្ចទទួលខុសត្រូវជួយមេបញ្ជាការ លើការងារតាមជំនាញនីមួយៗ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង ជានាយសេនាធិការ នាយរងការិយាល័យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានបញ្ជាក់ថា យោងបទបញ្ជារបស់លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់ចេញនូវបទបញ្ជាឲ្យអាវុធហត្ថទូទាំងប្រទេសយកចិត្តទុកដាក់ក្នុងការដាំដុះដំណាំទូទៅ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ។ ដោយឡែកនៅក្នុងកិច្ចប្រជុំព្រឹកនេះដែរ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដាក់ផែនការឲ្យមេបញ្ជាការ មូលដ្ឋានក្រុង-ស្រុក និងការិយាល័យជំនាញចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ត្រូវតែដាំដំណាំគ្រប់ប្រភេទ និងចិញ្ចឹមសត្វផងដែរ។
ជាកិច្ចបញ្ចប់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានផ្ដាំផ្ញើដល់កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមេរោគកូរ៉ូណា (COVID-19) ថ្វីត្បិតតែប្រទេសកម្ពុជាយើងមានការថយចុះនៃការឆ្លងក៏ពិតមែន ប៉ុន្តែនៅលើពិភពលោកមិនទាន់រកឃើញវ៉ាក់សាំង ឬថ្នាំព្យាបាលនៅឡើយទេ ដូច្នេះសូមកងកម្លាំងទាំងអស់ត្រូវតែធ្វើអនាម័យជាប្រចាំ និងពាក់ម៉ាស លាងសម្អាតដៃនឹងទឹកអាល់កុលឬជែល ដើម្បីការពារនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕