តាកែវ៖ នៅវេលាម៉ោង ០៨ និង ១០នាទីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោក វររសេនីយ៍ឯក ង៉ែត ចាន់ធី បញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅផ្ទះសំណាក់យីហោ៦៦ ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ១៣នាក់ (ក្នុងនោះមានពីនាក់មិនប្រើប្រាស់សារធាតុញៀន កម្លាំងបានធ្វើការអប់រំរួចឱ្យទៅលំនៅឋានវិញ)។
កម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លាសង្ស័យជាថ្នាំញៀនចំនួន០៤កញ្ចប់, សម្ភារៈសេពថ្នាំញៀនមួយចំនួនធំ, ដាវដែកចំនួន ០៣ដើម, ម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបាន ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច។