នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ កងរាជអាវុធហត្ថ បានធ្វើការប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបអំពីការចុះផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការបង្ក្រាបទីតាំងជល់មាន់នៅភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា យោងតាមរបាយការណ៍ និងការត្រួតពិនិត្យរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង បានបញ្ជាក់ថា លោកវរសេនីយ៍ត្រី ហាស់ ហ៊ាង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកអនុសេនីយ៍ទោ ឃឹម ប្រុស មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ព្រមទាំងកម្លាំងដែលចុះប្រតិបត្តិការនោះ មិនបានក្រៀកលូកហោប៉ៅខ្វេះយកលុយ ហើយក៏មិនបានយកលុយពីម្ចាស់ម៉ូតូផងដែរ។
កងរាជអាវុធហត្ថ បាននិងកំពុងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការមានសមិត្ថកិច្ច ឱ្យចាត់ការទៅតាមច្បាប់ ចំពោះបុគ្គល និងបណ្តាញព័ត៌មានដែលចុះផ្សាយបំផ្លើស ញុះញង់ មានចរិតបំបែកបំបាក់សាមគ្គីផ្ទៃក្នុងកងរាជអាវុធហត្ថ។
យើងខ្ញុំ រងចាំទទួលនូវភស្តុតាងពាក់ព័ន្ធនឹងករណីនេះគ្រប់ពេល។