នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឆ្លើយបំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន និងអ្នកយកព័ត៌មាន “LSN.TV នាទីកំសាន្ត” បានជ្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានឃាត់រថយន្តចំនួន៧គ្រឿងដែលមានដឹកធ្យូងសរុបចំនួន១.៣៨៩បាវ ស្មើនឹងចំនួន៥៦.១៣០គីឡូក្រាម ពិតប្រាកដមែន ដោយសារជាបទដឹកជញ្ជូនផល អនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើនូវធ្យូងចម្រុះ ដែលជាអំពើល្មើសនឹងមាត្រា៦៩ កថាខណ្ឌ១និងកថាខណ្ឌ៤នៃច្បាប់ស្តីពីព្រៃឈើ ដែលប្រកាសឱ្យប្រើតាមព្រះរាជក្រមលេខ នស/រកម/០៨០២/០១៦ ចុះថ្ងៃទី៣១/៨/២០០២។ អនុលោមតាមមាត្រា៧៨ នៃច្បាប់ស្តីពីព្រៃឈើ កងរាជអាវុធហត្ថ អាចឃាត់ខ្លួនជនប្រព្រឹត្តល្មើស និងចាប់ឃាត់វត្ថុតាងបទល្មើសជាបណ្តោះអាសន្ន រួចបញ្ជូនជាបន្ទាន់ទៅមន្ត្រីរដ្ឋបាលព្រៃឈើ ដែលទទួលនីតិសម្បទាជានគរបាលយុត្តិធម៌ ដើម្បីចាត់ការតាមនីតិវិធី។ ជំនាញនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រគល់ជូនលោក នេត គក នាយផ្នែករដ្ឋបាលព្រៃឈើរមាសហែក នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ ប៉ុន្តែដោយសារនៅផ្នែករដ្ឋបាលព្រៃឈើរមាសហែក ទីតាំងចង្អៀតមិនមានកន្លែងរក្សាទុក ក៏សុំរក្សាទុកបណ្តោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង (ទីតាំងបន្ទាយចាស់) “ភ្ជាប់លិខិលទទួលថែរក្សាវត្ថុតាង ចុះថ្ងៃទី១៣ ខែ០៤ ឆ្នាំ២០២០”។
លោកឧត្តមសេនីយ៍ត្រី អ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមថា ធ្យូងទាំងអស់សរុបចំនួនជាង៥៦តោន ឃាត់នៅចំណុចភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង គោលដៅយកទៅលក់នៅប្រទេសវៀតណាម មិនមែនតូចតាចដូចការផ្សាយរបស់អ្នកព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” នោះទេ។ ចំណែកឯ ការលើកឡើងថា “ចោទពីបទល្មើសខុសច្បាប់ នឹង ផាកពិន័យម្នាក់ ១០លានជាង ហើយមិនឱ្យយកឡានទៅផ្ទះទេ” សូមជម្រាបជូនថា កងរាជអាវុធហត្ថ មិនមានសមត្ថកិច្ចចោទ ឬប្រមូលប្រាក់ពិន័យ ឬប្រគល់វត្ថុតាងជូនម្ចាស់ដើមវិញទេ គឺជាសមត្ថកិច្ចរបស់រដ្ឋបាលព្រៃឈើ និងតុលាការ។
កងរាជអាវុធហត្ថ សុំឱ្យ ព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” ធ្វើការកែតម្រូវ ដោយយកសេចក្តីប្រកាសព័ត៌មាននេះ ទៅធ្វើការផ្សព្វផ្សាយលើព័ត៌មានអនឡាញ “LSN.TV នាទីកំសាន្ត” វិញ ក្នុងករណីមិនមានការកែតម្រូវនោះ យើងខ្ញុំនឹងធ្វើពាក្យបណ្តឹង ប្តឹងទៅក្រសួងព័ត៌មាន និងតុលាការតាមនីតិវិធីដូចមានចែងក្នុងច្បាប់ស្តីពីសារព័ត៌មាន។