ស្វាយរៀង៖ ព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារ កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោក លោកស្រីនាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំង៨ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀតផងដែរ។
ថ្លែងនាឱកាសនោះ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានកោតសរសើដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំប្រឹកប្រែងក្នុងការអនុវត្តតួនាទីភារកិច្ច កន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វើអនាម័យសម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ-១៩ ការដាំដំណាំ និងការចញ្ចឹមសត្វជាដើម។ ក្នុងនោះផងដែរ លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេសកងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញ៉ឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងវិធានបង្ការនៃការឆ្លងវីរុសកូវីដនេះ (covid19) តាមណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានបងប្អូនមានរោគសញ្ញាណាមួយស្រដៀងនឹងជំងឺកូវីដ-១៩ ត្រូវប្រញាប់នាំគាត់ទៅមណ្ឌលសុខភាពនៅជិតបំផុតដើម្បីធ្វើតេស្ត ឬទូរស័ព្ទទៅលេខ ១១៥។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ដាក់ទិសដៅបន្ត៖
– បន្ដរៀបចំពង្រឹងរចនាសម្ព័ន្ធកងរាជអាវុធហត្ថ (ជាពិសេសការពង្រឹងបណ្ដាជំនាញ)
– បន្ដការងារអប់រំបណ្ដុះបណ្ដាល ធ្វើវិក្រឹត្យការ និងអប់រំចិត្តសាស្រ្តប្រឆាំងនូវរាល់ព័ត៌មានក្លែងក្លាយសំដៅពង្រឹងផែនសាមគ្គីឯកភាពផ្ទៃក្នុង និងអនុវត្តម៉ឺងម៉ាត់តាមឋានានុក្រមកងយោធពលខេមរភូមិន្ទ។
– យកចិត្តទុកដាក់ការងារចិញ្ចឹម ថែរទាំ និងអនុវត្តគោលនយោបាយ ជំរុញសកម្មភាពចលនាបង្កបង្កើនផលដាំដុះ និងចិញ្ចឹមសត្វតាមបណ្ដាអង្គភាពនីមួយៗ។
– យកចិត្តទុកដាក់តាមដានរាល់ការផ្សព្វផ្សាយព័ត៌មានបង្ខូចកេរ្តិ៍ឈ្មោះអង្គភាព និងបុគ្គលិកកងរាជអាវុធហត្ថតាមប្រព័ន្ធបណ្ដាញសង្គម និងមានវិធានការម៉ឺងម៉ាត់ចំពោះបុគ្គលិកកងរាជអាវុធហត្ថដែលប្រព្រឹត្តខុសឆ្គង បទវិន័យទូទៅនៃកងយោធពលខេមរភូមិន្ទ និងច្បាប់របស់រដ្ឋ ព្រមទាំងសកម្មភាពធ្វើការផ្សព្វផ្សាយនូវរាល់សកម្មភាព ស្នាដៃ សមិទ្ធិផល ដែលកងរាជអាវុធហត្ថសម្រេចបាន។
– បន្ដយកចិត្តទុកដាក់ការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ម្ចាស់ការក្ដាប់ជាប់នូវរាល់សភាពការណ៍ និងឧបាយកលបំផ្លិចបំផ្លាញសន្តិសុខ ស្ថេរភាពនយោបាយ។ ត្រៀមកម្លាំង និងមធ្យោបាយ ដើម្បីធ្វើការសង្គ្រោះគ្រោះមហន្ដរាយ និងត្រៀមចូលរួមសហការការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងករណីចៃដន្យ។
– បន្ដសហការពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធការងារការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អំពើគេចពន្ធ ដើម្បីប្រមូលគៀងគរថវិកាជាតិ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ មេបញ្ជាការ ផ្ដាំផ្ញើ និងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឱ្យ៕