សៀមរាប៖ នៅថ្ងៃព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណៈនិត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៨.៩៤១.០០០រៀល ជូនដល់លោកស្រី សៀវ ធី (ត្រូវជាប្រពន្ធ) របស់សពលោក វរសេនីយ៍ត្រី ទុំ ទាវ មេបញ្ជាការរង កងរាជអាវុធហត្ថស្រុកអង្គរជុំ។ ក្នុងនោះដែរក្នុងនាមជាមេបញ្ជាការខេត្ត បានសំដែងនូវការសោកស្តាយចំពោះការបាត់បង់នាយទាហាន ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចការងារកន្លងមកនេះ។ និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពផងដែរ។