ស្វាយរៀងៈ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នេះបានប្រារព្វខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃបង្កើតកងរាជអាវុហត្ថ ថ្ងៃ១៤ ខែកក្កដា ឆ្នាំ១៩៩៣ ថ្ងៃ១៤ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលរួមពីលោកមេបញ្ជាការរង ប្រធានមន្ទីរ នាយការិយាល័យគ្រប់ជំនាញ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថគ្រប់ ស្រុក ក្រុង ទូទាំងខេត្ត ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថដែលចូលនិវត្តន៍
និងគ្រួសារមន្ត្រីកងរាជអាវុធហត្ថពលីមរណៈ ក្នុងបុព្វហេតុជាតិប្រមាណសរុប ១០៥ នាក់ប្រកបដោយភាពស្និតស្នាលបំផុត។ លោកវរះសេនីយ៍ឯក ញូង សំអឿន មេបញ្ជាការ រងបានអានសារជូនពរ របស់ឯកឧត្តនាយឧត្តសេនីយ៍សៅ សុខា អគ្គមេបញ្ជាការ រងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងស្រុងរួចមក ឯកឧត្តមឧត្តសេនីយ៍ត្រីសែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានលើកឡើងក្នុងពិធីសំណេះសំណាលថា ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃការ ប្រារពខួបអនុស្សាវរីយ៍លើកទី២៣ ទិវាកងរាជអាវុធហត្ថ (១៤កក្កដា ១៩៩៣.១៤កក្កដា២០១៦) ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអបអរសាទរនូវស្នាដៃនិងសមិទ្ធផលដែលបានកើតឡើងពីការធ្វើពលីកម្មដោយអង់អាចក្លាហានសេចក្ដីស្មោះត្រង់របស់នាយទាហាននាយទាហានរងនិងពលទាហាននៃកងរាជអាវុធហត្ថគ្រប់រូបកន្លងទៅដែលបានរួមចំណែកក្នុងការ ការពារសន្តិសុខ ថែរក្សាសណ្ដាប់ធ្នាប់សាធារណះ របៀបរៀបរយសង្គមដែលមានលក្ខខណ្ឌមិនអាចខ្វះបានក្នុងការបម្រើអោយគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ។
ខ្ញុំសូមផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខជូនចំពោះអាវុធហត្ថគ្រប់រូប ដែលកំពុងបំពេញភារកិច្ចនៅគ្រប់ អង្គភាព ។ កងរាជអាវុធហត្ថគ្រប់រូបត្រូវប្រកាន់ភ្ជាប់នូវតួនាទីភារកិច្ចរបស់ខ្លួន ដូចជាការពារជីវិតបុគ្គលគ្រប់រូប ការពារទ្រព្យសម្បត្តិរដ្ឋ និងឯកជន ការពារសិទ្ធិសេរីភាពនិងសេចក្ដីថ្លៃថ្នូរបស់បុគ្គលគ្រប់រូប បង្ក្រាបបទល្មីស ជួយសង្គ្រោះប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តរាល់បទបញ្ជាក្នុងការ ការពារបូរណភាពទឹកដី ។ដើម្បីរួមចំណែកសម្រេចបាននូវភារកិច្ចខាងលើនេះអាវុធហត្ថគ្រប់រូបត្រូវបន្តអប់រំនិងដាក់ខ្លួនតាមលក្ខណៈសម្បត្តិ៥យ៉ាងដូចខាងក្រោម÷
១.ត្រូវបន្តលើកកំពស់ស្មាតីស្នេហាជាតិនិងស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រជាពិសេស រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
២.ត្រូវបន្តកសាងកងរាជអាវុធហត្ថឲ្យបានស្អាតស្អំជានិច្ចគោរពវិន័យក្រមសីលធម៌និងអនុវត្តច្បាប់ ។
៣.ត្រូវបន្តរៀបចំអត្តចរិកនិងសេចក្ដីថ្លៃថ្នូដោយមានទំនាក់ទំនងល្អជាមួយបណ្ដាស្ថាប័ននិងប្រជាពលរដ្ឋដើម្បីទទួលបានការឆ្លើយតបនិងការគាំទ្រ ។
៤.ត្រូវបន្តលើកកម្ពស់ចំណេះដឹងនិងសមត្ថភាពជំនាញវិជ្ជាជីវះ គ្រប់ផ្នែកតាមរយះការហ្វឹកហ្វីនរៀនសូត្រ ។
៥.ត្រូវបន្តកសាងមនសិការឆន្ទះអង់អាចក្លាហានហ៊ានទទួលខុសត្រូវចំពោះភារកិច្ច ចេះបែងចែកច្បាស់លាស់នូវអំពើអាក្រក់ និងល្អជាពិសេសអ្វីដែលយើងត្រូវប្រតិបត្តិ និងអ្វីដែលយើងត្រូវជៀសវាង ។
ចុងបញ្ចប់ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធីមេបញ្ជាការ ក៏បានផ្ដល់អំណោយដល់មន្ត្រីអាវុធហត្ថដែលចូលនិវត្តន៍ និងគ្រួសារអាវុធហត្ថពលីមរណៈចំនួន៦០ នាក់ក្នុងម្នាក់ៗទទួលបានអង្ករ មួយបាវទម្ងន់២២គីឡូ មី១កេះ ប៊ីចេង១ គីឡូ ស្កសរ១ គីឡូ និងថវិកាចំនួន៥០.០០០រៀលផងដែរ៕