You are currently viewing អាវុធហត្ថខេត្តកណ្តាល ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់!

អាវុធហត្ថខេត្តកណ្តាល ផ្តល់ឈាមជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាមសម្រាប់ជួយជនរងគ្រោះដែលត្រូវការឈាមចាំបាច់!

កណ្តាល៖ នៅព្រឹកសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល ហការជាមួយសហភាពសហព័ន្ធយុវជនខេត្តកណ្តាល ព្រមទាំងសភាពាណិជ្ជកម្មខេត្ត និង មជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំពិធីផ្តល់ឈាម ដើម្បីជួយជីវិតជនរងគ្រោះដែលត្រូវការឈាមចាំបាច់ ។
សមាសភាពចូលរួមមាន លោកមេបញ្ជាការ លោកមេបញ្ជាការរង រងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ចាការ មេបញ្ជាការរងក្រុង ស្រុកទាំង១១ ព្រមទាំង នាយទាហាន នាយរងទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្ដាល ជាច្រើនរូបផងដែរ ។
នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានលើកឡើងថា៖ អនុវត្តតាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និង សង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធិភាពរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើឱ្យនាយ នាយរង នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ បានយកអស់ស្មារតីអនុវត្តតួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ជាពិសេសកម្លាំងកងរាជអាវុធហត្ថបានត្រៀមរួចជាស្រេចដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងខ្វះឈាម និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។
លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើជាគំរូល្អ និងមានស្នាដៃកិត្តិយសកេរ្តិ៍ឈ្មោះល្អ នេះដោយមានការដឹកនាំចង្អុលបង្ហាញពីលោក នាយឧត្តមសេនីយ៍ សៅ សុខា ឱ្យយកចិត្តទុកដាក់ឈរលើការគោរពបទបញ្ជា ការគោរពវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង គោរពតាមឋានានុក្រម ពិសេសមានឆន្ទៈក្នុងការការពារ និង បំរើប្រជាជន។
ជាមួយនោះផងដែរ កងរាជអាវុធហត្ថក៏មានតួនាទីយ៉ាងសំខាន់សម្រាប់ជួយដល់សង្គមទាំងមូល ក្នុងការថែរក្សាការពារ ពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និងរក្សាសណ្តាប់ធ្នាប់សាធារណៈ ហើយមកដល់បច្ចុប្បន្ននេះ កងរាជអាវុធហត្ថខេត្តកណ្តាលបានបង្កើតនូវសមិទ្ធផលជាច្រើន សម្រាប់អង្គភាពជាពិសេសក្រៅពីការងារស្នូល កងរាជអាវុធហត្ថខេត្តបានចូលរួមសហការ និងចុះជួយដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា នៅពេលដែលប្រជាពលរដ្ឋមានតម្រូវការ ។
សូមបញ្ជាក់ថាក្នុងពេលកំពុងធ្វើការផ្តល់ឈាមនេះផងដែរលោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ មេបញ្ជាការ មេបញ្ជាការរង ក្រុងស្រុក ទាំង១១ នាយ នាយរងអាវុធហត្ថទាំងអស់ បានចូលរួមស្តាប់អនុសាសន៍សំខាន់ៗ របស់លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលបានផ្តល់កម្លាំងចិត្តដល់បងប្អូន ចូលរួមដោយផ្ទាល់ក្នុងការផ្តល់ឈាមសម្រាប់ បម្រើឱ្យជនរួមជាតិដែលមានតំរូវការឈាមដើម្បីជួយសង្គ្រោះជីវិតមនុស្សនាពេលបច្ចុប្បន្ន និងទៅអនាគត ។ ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានផ្សព្វផ្សាយផងដែរនូវ សភាពការណ៍ជាតិ អន្តរជាតិ ពាក់ព័ន្ធបញ្ហាជម្ងឺខូវីដ-១៩ ដោយលោកសង្កត់ធ្ងន់ទៅលើ ការរួមសាមគ្គីគ្នា ទប់ស្កាត់ជំងឺនេះ អោយមានប្រសិទ្ធភាព ដោយអនុវត្តទៅតាមវិធានការ របស់ក្រសួងសុខាភិបាល ។ ជាពិសេលោក មេបញ្ជាការ បានចូលរួមផ្តល់ឈាមមុនគេ ដើម្បីធ្វើជាគំរូជូនដល់កងកម្លាំងចូលរួមទាំងអស់ ។
សូមជម្រាបជូនផងដែរថា សរុបទាំងកងកម្លាំង សមាជិក ស.ស.យ.ក សភាពាណិជ្ជកម្មខេត្តនិងប្រជាពលរដ្ឋ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានចំនួនជាង ២៥០នាក់៕