បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំអបអរសារទរ ពិធីប្រគល់ និងទទួលរថយន្តសង្រ្គោះចំនួន០១គ្រឿង ជាអំណោយដ៏ថ្លៃថ្លាបំផុត សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា និងលោក ឧកញ៉ា សុខ វណ្ណា។
ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ជំនួសមុខឱ្យ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តទាំងមូល សូមលំឱ្យនកាយ ថ្លែងនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលសម្តេចទាំទ្វេរតែងផ្ដល់នូវការយកចិត្តទុកដាក់ខ្ពស់បំផុត ជួយដល់កងកម្លាំងគ្រប់ប្រភេទ ដោយមិនគិតពីការនឿយហត់ ការលំបាក និង អាយុជីវិត។ យើងខ្ញុំជានាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ សូមគោរពដឹងគុណ សម្ដេចទាំងទ្វេរ និងប្ដេជ្ញា លះបង់គ្រប់យ៉ាងដើម្បីការពារនូវសុខសន្តិភាព និងការពារមាតុភូមិកម្ពុជា និង អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវបទបញ្ជារបស់ក្រសួងការពារជាតិ បទបញ្ជាអគ្គបញ្ជាការ បទបញ្ជារបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាពិសេសបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាប្រមុខ ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានថ្លែងគោរពជូនពរលោក ឧកញ៉ា ជា រតនា និងលោកជំទាវ ឧកញ៉ា លី ហៀក រតនា ឯកឧត្តម ឌួង អេលីត នាយកពិធីការ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកឧកញ៉ា សុខ វណ្ណា និងប្រតិភូទាំងអស់ជួបតែពុទ្ធពរទាំងឡាយប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លាងឃ្លាតឡើយ និងជៀសឆ្ងាយពីជំងឺកូវីដ-១៩ ។
ក្នុងនោះដែរលោកឧកញ៉ា ជា រតនា និង លោកជំទាវ ឧកញ៉ា លី ហៀក រតនា បានឧបត្ថម្ភថវិកាចំនួន២៥០០ដុល្លាផងដែរ៕