កណ្ដាល៖ នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល បានដឹកនាំកម្លាំងក្រោមឱវាទចុះ ត្រួតពិនិត្យតាមបណ្តាភូមិសាស្ត្រ និងគោលដៅសំខាន់ៗ ក្នុងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល និងស្រុកពញាឮ ដើម្បីពិនិត្យមើលសភាពការណ៍ សន្តិសុខ សណ្ដាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឱកាសថ្ងៃឈប់សម្រាក ព្រមទាំងបានចុះសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ ដល់កងកម្លាំង និងបានពាំនាំជាពិសេសនូវការសាកសួរសុខទុក្ខ វាយតម្លៃខ្ពស់ កោតសរសើរ លើឆន្ទៈខិតខំ លះបង់ ជូនជាតិ ប្រជាជន ទាំងថ្ងៃទាំងយប់ ដោយមិនគិតពីការនឿយហត់ ជូនដល់កងកម្លាំងយើងទាំងអស់ គ្រប់ជាន់ថ្នាក់ ពីលោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងនាមមេបញ្ជាការ ដឹកនាំផ្ទាល់កងរាជអាវុធហត្ថខេត្តកណ្ដាល លោកបានក្រើនរម្លឹកដល់កងកម្លាំងទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ។ បន្តចុះល្បាត ចល័ត ពួនស្ទាក់ បង្ការ បង្ក្រាប ជួយសង្គ្រោះ ជាពិសេសត្រូវបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សារ។ ត្រូវចូលរួម និង សហការប្រយុទ្ធប្រឆាំង ទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវិដ ១៩ ទាំងមហាជន សង្គម ក្នុងអង្គភាព ក្នុងគ្រួសារ និងខ្លួនយើង ដោយអនុវត្តនូវវិធានការណែនាំរបស់ ក្រសួងសុខាភិបាល។ ឆ្លៀតក្នុងឱកាសនោះ លោក មេបញ្ជាការខេត្ត ក៏បាននាំយកថវិកានិងសម្ភារមួយចំនួនចែកជូនដល់កងកម្លាំងទាំងអស់តាមស្រុកផងដែរ៕