You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថ អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលផែនទី ឋានលេខាព្រំដែន ខ្នាត ១/២៥០០០

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថ អញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួលផែនទី ឋានលេខាព្រំដែន ខ្នាត ១/២៥០០០

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូជាន់ខ្ពស់កងរាជអាវុធហត្ថ ចូលរួមក្នុងពិធីប្រគល់ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ជូនដល់ក្រសួងស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់។ បានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។
ក្នុងពិធីនេះក្រសួង ស្ថាប័ន និងអង្គភាព ចំនួន៣៥ ទទួលបានផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥០០០ ដើម្បីយកទៅប្រើប្រាស់ ហើយផែនទីឋានលេខាព្រំដែនគោក ខ្នាត ១/២៥០០០ ត្រូវបានកម្ពុជា- វៀតណាម រៀបចំពិធីពិធីប្រគល់និងទទួល កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបាយ ខេត្តតៃនិញ វៀតណាម ដែលគណៈប្រតិភូកម្ពុជាដឹកនាំដោយ លោក វ៉ា គឹមហុង និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោក ឡេ ហួយទ្រុង អនុរដ្ឋមន្រ្តី នៃក្រសួងការបរទេស និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកវៀតណាម។
ការរៀបចំប្រគល់ទទួលផែនទីនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម បានចុះហត្ថលេខាទទួលស្គាល់បង្គោលព្រំដែនប្រទេសទាំងពីរដែលសម្រេចបានចំនួន ៨៤ភាគរយ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩ កន្លងទៅ៕