កណ្ដាល៖ អនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តី និងជាអគ្គលេខាធិការ សមាគមន៍អតីតយុទ្ធជនកម្ពុជា ជានិច្ចជាកាល លោកនាយឧត្តមសេនីយ៍ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងគ្រប់រូបផងនោះ ជាក់ស្ដែងនៅ ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់នាយ នាយរងអាវុធហត្ថ ដែលលោកមានរបួស ពិការ ចូលសោធននិវត្តន៍ និងអតីតយុទ្ធជន នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានពាំនាំមកនូវការសាកសួរសុខទុក្ខ និងការជូនពរជ័យ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ នេះពីសំណាក់ លោកនាយឧត្តមសេនីយ៍ ជូនចំពោះ នាយ នាយរងអាវុធហត្ថនិវត្តន៍ជន របួស ពិការនិងអតីតយុទ្ធជនផងដែរ ។
បន្ថែមពីលើនេះទៀតលោកឧត្តមសេនីយ៍ត្រី បានថ្លែងនូវអំណរគុណ និងការកោតសរសើរ ដឹងគុណជានិច្ចចំពោះនាយ នាយរងអាវុធហត្ថនិវត្តន៍ជនពិការរបួស ទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងយកអស់ស្មារតីក្នុងការបំពេញការងារបម្រើប្រជាជន និងជាតិមាតុភូមិ។
ទីបញ្ចប់លោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញផ្តល់ជូន រួមមាន៖ អង្ករ ទឹកសុទ្ធ មី ទឹកស៊ីអ៊ីវ ទឹកត្រី ក្រម៉ា និងថវិកាជូន មួយចំនួនជូនដល់ និវត្តន៍ជន របួស ពិការ និងអតីតយុទ្ធជនទាំងអស់ ក្នុងឱកាសបុណ្យកាន់បិណ្ឌនេះ សូមមានសុខភាពល្អគ្រប់ៗគ្នានិងជួបតែពុទ្ធពរ ទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ៕