តាកែវ៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស ពិការ និងនិវត្តន៍ជន ដែលបានផ្ទេរទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីយុទ្ធជន និងយុវនិតិសមម្បទា ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកមេបញ្ជាការរង លោកនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ស្នាក់ការសន្តិសុខផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្ដមសេនីយ៍ មេបញ្ជាការ បានលើកឡើងថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តែងតែបានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនរបស់កងរាជអាវុធហត្ថទាំងអស់។
ជាក់ស្តែងក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី២៧ ថ្ងៃបង្កើតកងរាជអាវុធហត្ថ លោកនាយឧត្តមសេនីយ៍ បានអនុញ្ញាតឲ្យមេបញ្ជាការរាជធានី-ខេត្ត ធ្វើពិធីសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជន អតីតកងរាជអាវុធហត្ថដើម្បីបានស្វែងយល់អំពីសុខទុក្ខ និងជួបការលំបាកនៅក្នុងសង្គមគ្រួសាររបស់ពួកគាត់។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា នាយទាហាន នាយទាហានរងកងរាជអាវុធហត្ថទាំងអស់ ត្រូវចាត់ទុកនិវត្តន៍ជន (ចូលនិវត្តន៍) ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមភូមិ ការពារជាតិ ការពារបូរណភាពទឹកដី ការពារសន្តិភាព ការពារសេចក្តីសុខសាន្តជូនប្រជាពលរដ្ឋមុនយើង ហើយអ្វីដែលយើងមោទនភាពជាងនេះ និវត្តន៍ជនម្នាក់ៗ នៅមានកម្លាំងពលំ ស្មារតីរឹងមាំគួរឲ្យកោតសសើរ។
លោកមេបញ្ជាការបានបន្តថា ដោយផ្តើមចេញពីឆន្ទៈមោះមុត ក្លាហាន អង់អាចស្មារតីស្រឡាញ់ ស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ដែលជាគំរូវីរភាពដ៏ល្អក្នុងបុព្វហេតុការពារជាតិ ធ្វើឲ្យយើងជាកម្លាំងបន្តវេនជំនាន់ក្រោយមិនអាចបំភ្លេចបាននូវវីរភាពដ៏អង់អាចនេះ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ទោះក្នុងរូភាពណាក៏ដោយ ពិសេសជាងនេះគឺការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ត្រីមេញ្ជាការ បានឧបត្ថម្ភ ជាគ្រឿងឧបភោគ បរិភោគ និងថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ២៥គីឡូក្រាម, ត្រីខ ០១យួរ, និងថវិកាចំនួន ១០០,០០០រៀល ផងដែរ៕