រតនគិរី៖ នៅថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី បានរៀបចំពិធីសំណេះសំណាលជាមួយយោធិននៃកងរាជអាវុធហត្ថនិវត្តន៍ជន ដែលបានផ្ទេទៅទទួលរបបសន្តិសុខសង្គមបន្តនៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ លោកនាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុកផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែលលោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងថា ជានិច្ចជាកាលលោក នាយឧត្តមសេនីយ៍ សៅ សុខា លោកតែងតែយកចិត្តទុកដាក់ និង ចូលរួមសួរសុខទុកចំពោះនិវត្តន៍ជន ជនពិការ អតីតកងរាជអាវុធហត្ថដើម្បីដឹងសុខទុក្ខ និង ការជួបការលំបាករបស់ក្រុមគ្រួសាររបស់ពួកគាត់ជាដើម។
ក្នុងកិច្ចសំណេះសំណាលនេះដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការប្រគល់គ្រឿង ឧបភោគ បរិភោគ រួមនិងថវិការមួយចំនួនជូនដល់និវត្តន៍ជន និង ជនពិការ អតីតកងរាជអាវុធហត្ថក្នុងម្នាក់ទទួលបាន អង្ករ ៥០គីឡូក្រាម, មីចំនួន០១កេះ, ត្រីខ០១ យួរ, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ក្រម៉ា០១, ភួយ០១, សារុង០១ និង ថវិកា ២សែនរៀលក្នុងម្នាក់ៗ។