ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និង និវត្តន៍ជន

បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តបាត់ដំបង លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ បានជួបសំណេះសំណាលជាមួយយោធិន នៃកងរាជអាវុធហត្ថ របួស-ពិការ និង និវត្តន៍ជន ដែលបានផ្ទេរទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសមម្បទា ចំនួន ១៦នាក់ ។
ឱកាសនោះផងដែរ លោកឧត្ដមសេនីយ៍ មេបញ្ជាការ បានលើកឡើងថា ជានិច្ចជាកាលលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្តាំផ្ញើការសាកសួរសុខទុក្ខចំពោះនិវត្តន៍ជនរបស់កងរាជអាវុធហត្ថទាំងអស់និងត្រូវចាត់ទុកនិវត្តន៍ជន ជារាមច្បង ជាអតីតអ្នកប្រយុទ្ធលើសមរភូមិ ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋឲ្យទទួលបាននូវសុខសន្ដិភាព។ គំរូវីរៈភាពដ៏ល្អនេះធ្វើឲ្យយើងទាំងអស់គ្នាដែលជាអ្នកបន្តវេនខិតខំអនុវត្តនូវតួនាទី ភារកិច្ចពិសេសការងារបង្ការ បង្ក្រាប និងសង្គ្រោះ។
ក្នុងពិធីសំណេះសំណាលនារដូវភ្ជុំបិណ្ឌនេះ លោក ឧត្តមសេនីយ៍ត្រី មេញ្ជាការ បានឧបត្ថម្ភជា អង្ករនិង ថវិកាជូនដល់និវត្តន៍ជនក្នុងម្នាក់ៗទទួលបាន អង្ករទម្ងន់ ៥០គីឡូក្រាម និង ថវិកាចំនួន ១០០,០០០រៀល ។