រតនគិរី៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរីបានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោក អនុសេនីយ៍ឯក ខៃ វិប៊ុល មេបញ្ជាការរង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរជុំ ខេត្តរតនគិរី នៅគេហដ្ឋានសព។ ដែលសព លោក អនុសេនីយ៍ឯក ខៃ វិប៊ុលទទួលមរណ:ភាពកាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១២:៣៥នាទីព្រឹក នៅមន្ទីរពេទ្យកេតុមាលា រាជធានីភ្នំពេញ។
បន្ទាប់ពីពិធីគោរពវិញ្ញណក្ខន្ធរួចលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានពាំនាំនូវការផ្តាំផ្ញើ និងចូលរួមរំលែកមរណ:ទុក្ខ ពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសដល់ក្រុមគ្រួសារនៃសពផងដែរ ។
ក្នុងនោះដែរលោក ឧត្តមសេនីយ៍ មេបញ្ជាការ បានប្រគល់ថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តរតនគិរីចំនួន (៣,៦២៥,០០០រៀល) និងថវិការរបស់ លោកនាយឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន(៥,០០០,០០០រៀល)ដល់ក្រុមគ្រួសារសពផងដែរ ។