ព្រះសីហនុ៖ នៅវេលាម៉ោង ២៣:០០ នាទីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ មានករណីបាក់ទំនប់អាងស្តុកទឹកមួយ (ដោយសារភ្លៀង) នៅចំនុចអាងទឹកបន្ទាយប្រីយ៍ ស្ថិតក្នុងភូមិចុងអូរ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងនោះមានផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង ដែលសង់ជាប់និងទំនប់អាងទឹក ទំហំ៥ម៉ែត្រ×៦ម៉ែត្រ ធ្វើពីឈើប្រក់សង្ក័សី ម្ចាស់ឈ្មោះ វុទ្ធី កុយ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ នេសាទ ត្រូវបានកម្លាំងទឹកហូកបុកខូចខាតផ្ទះស្ទើរទាំងស្រុង និងហូរនាំយកកូនស្រីឈ្មោះ វុទ្ធី ស្រីនី អាយុ ១ ខួប ៨ខែទៅបាត់ ខណ:ឪពុកកាន់កូនមិនជាប់។ ភ្លាមៗកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានធ្វើការរុករកក្មេងស្រីខាងលើ តែដោយសារការជន់លិចទឹកភ្លៀងជាឧបសគ្គមិនអាចរកឃើញ។ លុះព្រឹកឡើងវេលាម៉ោង០៨:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ចំនួន២០នាក់ ដឹកដោយលោក វរសេនីយ៍ត្រី ពៅ នាវ មេបញ្ជាការ កងរាជអាវុធហត្ថស្រុកព្រៃនប់ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រជាពលរដ្ឋ បានរុករកឃើញ សពក្មេងស្រីបាត់ខ្លួនខាងលើ នៅចំងាយប្រមាណជាង២៥០ម៉ែត្រ ពីលំនៅដ្ឋានកើតហេតុ។ សាកសពក្មេងរងគ្រោះ ត្រូវបានកម្លាំង មូលដ្ឋាន កងរាជអាវុធហត្ថស្រុកព្រៃនប់ យករថយន្តដឹកយកមកតម្កល់នៅវត្តមុន្នីសាលព្រឹក្ស ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅវេលាម៉ោង១០:០០នាទីព្រឹក ខែថ្ងៃឆ្នាំដដែល លោកវរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ អ.ហ ខេត្តព្រះសីហនុ បានអញ្ជើចុះមកត្រួតពិនិត្យការខូចខាតដោយសារទឹកជំនន់ និងនាំយកបច្ច័យបុណ្យដល់ក្រុមគ្រួសារសពនូវទឹកប្រាក់ចំនួន ១,០០០,០០០ រៀល ជាថវិកាសប្បុរសធម៌របស់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ បញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារសព។