You are currently viewing ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ឯកឧត្ដម សៅ សុខា អញ្ជើញប្រគល់សម្ភារៈបរិក្ខាពេទ្យដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក!

ស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម សៅ សុខា ប្រធានក្រុមការងារ ចុះជួយមូលដ្ឋានស្រុករមាសហែក បានដឹកនាំក្រុមការងារប្រគល់សម្ភារៈ និងគ្រឿងបរិក្ខា ដល់មន្ទីរពេទ្យបង្អែកស្រុករមាសហែក ដើម្បីឆ្លើយតបយុទ្ធនាការបង្ការ ទប់ស្កាត់ ជំងឺឆ្លងកូវីដ-១៩។
ក្នុងពិធីប្រគល់នោះ ឯកឧត្តមប្រធាន បានថ្លែងថាបច្ចុប្បន្នស្ថានភាពជំងឺឆ្លងកូវីដ-១៩ បាននឹងកំពុងរីករាលដាលក្នុងពិភពលោក ហើយបញ្ហានេះគឺជាបន្ទុកដ៏លំបាកធ្ងន់ធ្ងរសម្រាប់នៅកម្ពុជាយើងផងដែរ។ នៅក្នុងស្ថានការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីដោះស្រាយនូវបញ្ហាដ៏លំបាកនេះ ហេតុដូចនេះហើយដើម្បីរួមចំណែកការលំបាកជាមួយរាជរដ្ឋាភិបាលនេះ ក្នុងនាមឯកឧត្តមផ្ទាល់តែងបានយកចិត្តទុកដាក់ដោះស្រាយផ្ដល់ស្បៀងអាហារទំនុកបម្រុងជូនដល់ប្រជាពលរដ្ឋប្រឈមការខ្វះខាត រួមនឹងសម្ភារៈវេជ្ជសាស្ត្រមួយចំនួនទៀត ជាបន្តបន្ទាប់ដែលបម្រើឱ្យសកម្មភាព ប្រយុទ្ធបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ និងបានធ្វើការបែងចែកសម្រាប់បង្ការដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងខេត្តផងដែរ។
ក្នុងនោះផងដែរ ឯកឧត្តមប្រធាន បានបញ្ជាក់ថាសកម្មភាពទាំងអស់នេះ គឺមិនអាចខ្វះបានពីការចូលរួម របស់សប្បុរសជន ជាថ្នាក់ដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនសហគ្រាសនានា ដែលគិតមកដល់ពេលនេះ ជំនួយឧបត្ថម្ភរបស់សប្បុរសជនក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ ជូនដល់រដ្ឋាភិបាលមានគ្រឿងឧបភោគ បរិភោគ សម្ភារៈបរិក្ខារវេជ្ជសាស្រ្តមួយចំនួនបម្រើដល់សកម្មភាពប្រយុទ្ធបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានឆ្លើយតបយ៉ាងល្អប្រសើរផងដែរ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើដល់គ្រូពេទ្យតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកក្នុងខេត្តទាំងអស់ ឱ្យបន្តការខិតខំយកចិត្តទុកដាក់ និងសហការថែមទៀត ឱ្យបានល្អជាមួយនឹងអាជ្ញាធរមូលដ្ឋានរួមនឹងអ្នកពាក់ព័ន្ធពិសេសធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋអំពីវិធានការអនាម័យ តាមក្រសួងសុខាភិបាល គឺក្នុងគោលដៅរួម ដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។

សម្ភារៈដែលបានប្រគល់ជូនរួមមាន៖ សាប៊ូលាងដៃ ៦៦០ដុំ, ម៉ាស ១០២០ប្រអប់, អាល់កុល ១៧៤០លីត្រ ផងដែរ៕