កណ្តាល ៖ អនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានសហការណ៍យ៉ាងខ្ជាប់ខ្ជួនជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលទទួល រងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជារៀងរាល់ឆ្នាំតែងតែបានដាក់ចេញផែនការហ្វឹកហ្វឺនបំប៉នជំនាញសង្គ្រោះគ្រោះមហន្តរាយ ដល់កម្លាំងកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសទាំងអស់ បន្តហ្វឹកហាត់រៀនសូត្រនិងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។
ដោយអនុវត្តតាមផែនការហ្វឹកហ្វឺនជាបន្តបន្ទាប់ ព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធីបើកវគ្គបំប៉នជំនាញការងារកងរាជអាវុធហត្ថ ឆមាស ២ ត្រីមាស ៤ ឆ្នាំ ២០២០ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរង រងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុងស្រុក កងអន្តរាគមន៍ សិក្ខាកាម និងនាយ នាយរងចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្ដាល ជាច្រើនរូបផងដែរ៕