ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយម៉ឹងម៉ាត់ដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំងចម្រុះគ្រប់ប្រភេទ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យបានជាអតិបរិមា។ គិតតាំងពីម្សិលមិញ យប់មិញ រហូតដល់ពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដោយដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ និងមានការចូលរួមពីក្រុមអូប័ររបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះតាមគោលដៅរងគ្រោះ សង្គ្រោះពលរដ្ឋយ៉ាងមមាញឹកបំផុត៕