ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុករមាសហែក ដោយមានអមដំណើរដោយអភិបាលស្រុក ប្រធានក្រុមប្រឹក្សា កងកម្លាំង អាជ្ញាធរមូលដ្ឋានភូមិ ឃុំ ចុះពិនិត្យស្ថានភាពប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅភូមិកំពង់ថ្នា ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង។ ដែលបណ្តាលអោយបាក់ឆ្លាយទំនប់មួយកន្លែង ប៉ះពាល់ដំណាំស្រូវប្រមាណ ៥.៩០ ហិកតា របស់គ្រួសារចំនួន១០គ្រួសារ។ ក្នុងនោះផងដែរ ឯកឧត្តម ក៏បានពាំនាំការឧបត្ថម្ភជាថវិកាគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាពគ្រួសារក្នុងមួយរយៈពេលនេះ។ បន្ទាប់មកក្រុមការងារបន្តចុះត្រួតពិនិត្យ សាលាបឋមសិក្សាកំពង់ថ្នាល(ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត) ដែលមានទទឹង ៩,១០ម៉ែត្រ បណ្តាយ ៤៨,១០ម៉ែត្រ រងការពុកធ្លុះធ្លាយដំបូល ហើយឯកឧត្តមក៏បានឱ្យជួសជុលដំបូលសាលាបឋមសិក្សាកំពង់ថ្នាឡើងវិញ និងកសាងរោងដាក់កង់ ម៉ូតូ ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទៀតផង។ បន្តមកទៀត ក្រុមការងារបានចុះត្រួតពិនិត្យការជួសជុលដំបូល និងពិដានសាលាឆាន់វត្តជាធាជ បានរួចរាល់ជាស្ថាពរ។