កណ្តាល៖ ដោយមានការដឹកនាំដោយភាពទទួលខុសត្រូវខ្ពស់ លើសុខទុក្ខរបស់កងកម្លាំងក្រោមឱវាទ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្ដាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅថ្ងៃអាទិត្យ ៩ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ទី២៥ ខែតុលា ឆ្នាំ២០២០ បានដឹកនាំលោក លោកស្រី មេបញ្ជាការរង នាយ នាយរង ថ្នាក់ដឹកនាំក្នុងកងរាជអាវុធហត្ថខេត្តកណ្តាល ចុះសួរសុខទុក្ខសំណេះសំណាល ចែកអំណោយ ដល់គ្រួសារអាវុធហត្ថជួបគ្រោះមហន្តរាយទឹកជំនន់ ពិសេសផ្សព្វផ្សាយវិធានការបង្ការការពារទប់ស្កាត់ជំងឺកូវីដ១៩ ដល់គ្រួសារអាវុធហត្ថ ផ្ទះលិចទឹកដោយគ្រោះធម្មជាតិចំនួន ២១គ្រួសារ ដល់លំនៅដ្ឋាន និងចុះពិនិត្យមើលភូមិសាស្ត្រនានាតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក ពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះ លោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ។ បន្ថែមពីលើនោះលោក មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានចែកជូនដោយផ្ទាល់ ក្នុងមួយគ្រួសារៗ ទទួលបានសម្ភារៈមួយចំនួនរួមមាន៖ ថវិកា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកបរិសុទ្ធ ក្រម៉ា សាប៊ូ អាល់កុល ម៉ាស់ ។ល។ ថវិកានិងសម្ភារៈសរុបដែលចែកជូនទាំងអស់ចំនួនជាង ២១លានរៀល ដែលជាថវិការបស់លោក មេបញ្ជាការ មូលនិធិកងរាជអាវុធហត្ថខេត្តកណ្តាល និងសប្បុរសជន។
តំណាងគ្រួសារ នាយ នាយរង នៃកងរាជអាវុធហត្ថ ជួបគ្រោះធម្មជាតិលិចទឹក មានជំងឺនិងមានជីវភាពខ្វះខាតទាំង ២១គ្រួសារ មានសេចក្តីត្រេកអរជាខ្លាំងពន់ពេក និងបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្ត និងថ្នាក់ដឹកនាំផ្សេងៗទៀត ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈនិងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕