កំពង់ឆ្នាំងៈ វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបំប៉ន នាយទាហានគ្រប់គ្រងកងអន្តរាគមន៍ កងរាជអាវុធហត្ថជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា
អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប។ ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្នុងកងរាជអាវុធហត្ថ គឺនឹងមានវិធានការយ៉ាងមឺុងម៉ាត់ចំពោះមន្ត្រីអាវុធហត្ថដែលប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដោយលុបឈ្មោះចេញបញ្ជីគ្រប់គ្រងតែម្តង។ ជាមួយគ្នានោះដែរ ឯកឧត្តម បានអប់រំឱ្យចេះសាមគ្គីគ្នា ទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងធ្វើជាសមូហភាពបុគ្គលម្នាក់ៗទទួលខុសត្រូវ។