ស្វាយរៀង៖ ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំជួរបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង លោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជេីញផ្សព្វផ្សាយការងារបង្ការការពារជំងឺកូវីដ ១៩ ដល់នាយ នាយរងអាវុធហត្ថទូទាំងខេត្ត។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីមេបញ្ជាការរង លោកនាយរងសេនាធិការដ្ឋាន លោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុង ផងដែរ។
ថ្លែងនាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើដល់នាយទាហាន នាយទាហានរងទាំងអស់ដែលខិតខំកន្លងមកទាំងការការពារ ថែទាំសុខភាព ការធ្វើអនាម័យសម្អាតអង្គភាពដើម្បីប្រឆាំងនឹងជំងឺកូវីដ ១៩ ការដាំដុះដំណាំ និងការចញ្ចឹមសត្វជាដើម។ លោកមេបញ្ជាការ បានជំរុញឱ្យតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ជាពិសេសកងរាជអាវុធហត្ថខេត្ត ត្រូវបន្តអប់រំ និងផ្សព្វផ្សាយឱ្យបានម៉ឺងម៉ាត់ ជាលក្ខណៈយុទ្ធនាការជាប្រចាំ ក្នុងមូលដ្ឋានរបស់ខ្លួន នូវវិធីសាស្ត្រការធ្វើអនាម័យអោយបានញឹកញាប់ កុំមានការប្រមូលផ្ដុំគ្នា ពេលចេញក្រៅត្រូវពាក់ម៉ាស់អោយបានត្រឹមត្រូវ និងណែនាំដល់សមាជិកក្រុមគ្រួសាររបស់ខ្លួនម្នាក់ៗ តាមណែនាំរបស់ក្រសួងសុខាភិបាល។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានផ្ដាំផ្ញើនិងជូនពរដល់នាយទាហាន នាយទាហានរងទាំងអស់មានសុខភាពល្អ មានសុភមង្គលក្នុងគ្រួសារ គ្រួសាររកស៊ីទទួលទានមានបានគ្រប់ៗគ្នា ជាពិសេសជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់លើដាក់ឱ្យធ្វើ៕