តាកែវៈ វេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចភូមិសៃវ៉ា ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
បើតាមសំដីមន្ត្រីកងរាជអាវុហត្ថស្រុកព្រៃកម្បាស បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថបានទទួលការសហការពីប្រជាពលរដ្ឋថាមានយុវជនម្នាក់ កំពុងធ្វើការចែកចាយនូវសារធាតុញៀននៅចំណុចខាងលើ។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងក៏បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។
មន្ត្រីដដែលបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះហង់ ថារេន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងធំ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
មន្ត្រីដដែលបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០៦កញ្ចប់
០២.ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៣. ម៉ូតូចំនួន ០១គ្រឿង
០៤. ប្រាក់រៀលចំនួន ២៥០០០រៀល។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃកប្បាស កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
