បាត់ដំបងៈ វេលាម៉ោង១៥ និង០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន បានធ្វើការឃាត់ខ្លួនស្ត្រីជាមេខ្លោង ជួញដូរគ្រឿងញៀនយ៉ាងសកកម្មម្នាក់ ស្ថិតនៅចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
បើតាមសំដីមន្ត្រីកងរាជអាវុហត្ថស្រុកលូន បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនស្ត្រីជាមេខ្លោងម្នាក់នេះ កម្លាំងកងរាជអាវុធហត្ថបានធ្វើការកំណត់មុខសញ្ញាជាយូរមកហើយ លុះមកដល់ថ្ងៃកើតហេតុ ទើបកម្លាំងបានទទួលដំណឹងថា ជនសង្ស័យកំពុងដឹកជញ្ចូននូវសារធាតុញៀនជាច្រើនគ្រាប់ ទើបកម្លាំងចេញអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ។
មន្ត្រីដដែលបានប្រាប់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ លៀម រុំ ភេទស្រី អាយុ៤៣ឆ្នាំ មុខរបបមិនពិតប្រាកដ រស់នៅភូមិកណ្តោល ឃុំអូស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
មន្ត្រីដដែលបានបន្តទៀតថា កម្លាំងបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនពណ៍ស្លាទុំប្រភេទយ៉ាម៉ា ចំនួន២០០គ្រាប់
០២.ម៉ូតូចំនួន ០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសំពៅលូន កំពុងសាកសួរបក្ខពួកបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។