ព្រះសីហនុ៖ វេលាម៉ោង១៣:២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះអគី្គភ័យមួយឆេះផ្ទះប្រជាពលរដ្ឋ លក់ប្រេងសាំង-ម៉ាស៊ូត សិប្បកម្មដែក និងបើកយានដ្ឋានជួលជុលរថយន្ត ស្ថិតក្នុងក្រុមទី១ ភូមិ២ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ម្ចាស់ទីតាំងមានឈ្មោះ ហួត សារ៉ន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ជាងរថយន្ត និងបើកសិប្បកម្មដែក និងឈ្មោះ សួន សារិទ្ធ (ហៅតឿ) ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរលក់ប្រេង និងគ្រឿងឡាន (ផ្ទះកើតហេតុ) រងរបួសស្រាល ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត។ ដោយខូចខាតផ្ទះចំនួន ០១ខ្នង ទំហំ ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ធ្វើពីថ្មប្រក់ស៊ីប្រូ និងតសំយ៉ាបធ្វើពីដែកប្រកសង្ក័សីទំហំ១០ម៉ែត្រ គុណនឹង ១២ម៉ែត្រ (ឆេះទាំងស្រុង), ផ្ទះចំនួន០២ខ្នងផ្សេងទៀត ឆេះរោលមួយចំហៀង, រថយន្តចំនួន០២គ្រឿង, ម៉ូតូ ចំនួន១៧គ្រឿង, តូបលក់ទូរស័ព្ទ ចំនួន០១ និងសម្ភារៈឆេះទាំងស្រុង, តូបលក់កាហ្វេ និងសម្ភារៈឆេះទាំងស្រុង។
ក្នុងប្រតិបត្តិការចុះជួយអន្តរាគមន៍សង្គ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក រួមនឹងកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក ឆាយ សុគន្ធដា អភិបាល នៃគណៈអភិបាលស្រុកស្ទឹងហាវ។ ចំពោះមូលហេតុនៃអគ្គីភ័យ មកពីការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះពេលកំពុងបូមសាំង។
សមត្ថកិច្ចចម្រុះបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២៥ស៊ីទែន ហើយអគ្គីភ័យត្រូវបានបញ្ចប់នៅវេលាម៉ោង១៦:៣៥នាទី ថ្ងៃដដែល។