សៀមរាបៈ នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ដោយមានការទទួលដំណឹងពីប្រជាពលរដ្ឋថា នៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប មានការបើកកន្លែងលេងល្បែងស៊ីងសង ដែលបង្ករអោយមានភាពរញ៉េរញ៉ៃ និងភាពអសន្តិសុខមួយចំនួនសំរាប់ការរស់នៅរបស់ប្រជាពលរដ្ឋ
កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ក៏បានចុះទៅបង្ក្រាបទីតាំងដែលកើតហេតុនោះភ្លាមៗ។ បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថបានប្រាប់ឲ្យដឹងថា កម្លាំងបានធ្វើការឃាត់ខ្លួនបានម្ចាស់កន្លែងដែលប្រព្រឹត្តល្បែងស៊ីសងនោះម្នាក់ ដែលមានឈ្មោះ ប៉េង ចន្ទ័សីហា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
ជនសង្ស័យដែលត្រូវចាប់ខ្លួន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
