You are currently viewing ជនសង្ស័យម្នាក់ចូលទៅអុកឡុកក្នុងក្លឹបកំសាន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន

ជនសង្ស័យម្នាក់ចូលទៅអុកឡុកក្នុងក្លឹបកំសាន្ត ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ធ្វើការឃាត់ខ្លួន

បន្ទាយមានជ័យៈ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ យោគ សុភា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តំណាង ក្លឹបកំសាន្ត ហ្គោលថោន និងឈ្មោះម៉ុន សៅឌី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិភ្នំធំ
ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ជាជនរងគ្រោះបានប្តឹងឈ្មោះ លឹម បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពីបទ ហិង្សាដោយចេតនា និងអុកឡុកធ្វើឲ្យរំខានដល់ការរកស៊ីអ្នកដទៃ កាលពីវេលាម៉ោង១៣ និង០០នាទី ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចក្លឹបកំសាន្ត ហ្គោលថោន ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។ លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទី មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ្ឌ បានឲ្យដឹងថា មុនពេលកើតហេតុនោះឈ្មោះ លឹម បញ្ញា បានចូលទៅផឹកស៊ី ជាមួយមិត្តភ័ក្រ្ត ក្នុងក្លឹបកំសាន្ត ហ្គោល ថោន ស្របពេលនោះ ក៏មានឈ្មោះយិន និងឈ្មោះលីន រស់នៅក្នុងក្រុងសិរីសោភ័ណ បានចូលមកផឹកស៊ី នៅជិតតុនោះដែរ។ ក្រោយពីផឹកស៊ី អស់រយះពេលជាច្រើនម៉ោងរួចមក ក៏មានទំនាស់នៅក្នុងវង់ផឹកស៊ី បណ្តាលអោយភាគីទាំង០២វាយគ្នាយ៉ាងចាស់ដៃបង្កធ្វើឲ្យភាគីម្ខាងរងរបួសពេលនោះសន្តិសុខបានរាយការណ៍មកអាវុធហត្ថក្រុងសិរីសោភ័ណ ភ្លាមៗនោះអាវុធហត្ថធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះលឹម បញ្ញា រីឯបក្សពួកនិងជនដៃដល់ផ្សេងទៀតបានគេចខ្លួន។ ហើយជនសង្ស័យត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរ។ នៅមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយតប់គ្នាក្នុងក្លឹប ហ្គោលថោន ពិតប្រាកដមែន។

ក្រោយពីទទួលបានចម្លើយសារភាពរួចហើយ ជនសង្ស័យត្រូវបានអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែកជនដៃដល់ និងបក្សពួកផ្សេងទៀតកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវបន្ត។
b1

b2