បន្ទាយមានជ័យៈ បុរសចិត្តខ្លាំងម្នាក់បានចេញពីគុក មិនបានប៉ុន្មានខែផង ស្រាប់តែបុរសនោះវាយធ្វើបាបប្រពន្ធ និងកូន រួមទាំងឪពុកក្មេកលើសដើម។ យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ចេវ សុខឃេន ភេទស្រី អាយុ២៧ឆ្នាំ រស់នៅភូមិកោះឈ្នួល
ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានប្តឹងចោទប្រកាន់លើឈ្មោះ ឡុង ឡេម ត្រូវជាប្តីបានប្រើអំពើហិង្សាលើរូបនាង និងកូន រួមទាំងឪពុកក្មេកយ៉ាងធ្ងន់ធ្ងរ មិនអាចអត់អោនឲ្យបាន។ លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា បើតាមការអះអាងរបស់ប្រពន្ធ បាននិយាយប្រាប់ថា បុរសជាប្តីនោះកន្លងមកធ្លាប់ជាប់គុក ម្តងរួចមកហើយ ដោយសារតែវាយធ្វើបាបប្រពន្ធកូន និងឪពុកក្មេក ដោយព្រៃផ្សៃពេក ទើបប្រពន្ធបានប្តឹងដាក់គុក ពេលដែលជាប់គុកនោះប្តីបានអង្វរប្រពន្ធឲ្យដកពាក្យបណ្តឹង ដោយខ្លួនសន្យាថា ឈប់ប្រើអំពើហិង្សាលើកូនប្រពន្ធទៀតហើយ នៅមុខនគរបាល។ ក្រោយពេលចេញពីគុកហើយមិនបានប៉ុន្មានខែផង ក៏វាយធ្វើបាបប្រពន្ធកូនលើសដើម។ ជាក់ស្តែងនៅម៉ោង១០ព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នោះជនសង្ស័យឈ្មោះឡុង ឡេម បានស្រែកជេរកូន និងធ្វើការវាយប្រពន្ធយ៉ាងចាស់ដៃ និងបំផ្លាញសម្ភារ:អោយខ្ទេចខ្ទីអស់ និងគំរាមថា សម្លាប់ចោលមួយពូជទាំងឪពុកក្មេកទៀតផង ដោយស៊ូទ្រាំនឹងអំពើដ៏ថោកទាបរបស់ប្តី លែងបាននោះ ប្រពន្ធក៏បានទៅដាក់ពាក្យប្តឹងនៅអាវុធហត្ថស្រុកម៉ាឡៃ។ ក្រោយពីបានទទួលពាក្យបណ្តឹងនោះហើយ កម្លាំងអាវុធហត្ថស្រុកម៉ាឡៃ ក៏ចុះទៅដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លូនជនល្មើសជាប្តីនោះ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ នៅមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ប្តីកំណាចនោះបានឆ្លើយសារភាពថា ខ្លួនគេពិតជាបានប្រើអំពើហិង្សាលើប្រពន្ធកូន និងឪពុកក្មេក ពិតដូចពាក្យបណ្តឹងនេះមែន។ ក្រោយពីទទួលបានចម្លើយសារភាពហើយ ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី។