ព្រះសីហនុៈ ដោយមានការយកចិត្តទុកដាក់ ពីសំណាក់ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លើកបញ្ហាសន្តិសុខសង្គម នៅវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៦ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ
កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលមានឈ្មោះ ឃុយ ទី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរម៉ៅការសំណង់ មានស្រុកកំណើតនៅ សង្កាត់លេខ៣ ទីរួមខេត្តកំពត ដែលទីលំនៅបច្ចុប្បន្ន រស់នៅក្រុម៨ ភូមិ៣ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីទទួលផលចោរកម្ម និងក្លែងបន្លំឯកសារសាធារណៈ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។
បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការឃាត់ខ្លួននេះគឺធ្វើឡើងតាមដីការបង្គាប់អោយឃាត់ខ្លួនបណ្ដោះអាសន្នលេខ៩៥៦ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៦ របស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ផា សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ អាជីវករ មានទីលំនៅ ផ្លូវ៣៥BT ភូមិសន្សំកុសល សង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ដែលបានប្តឹងជនសង្ស័យពីបទ ទទួលផលចោរកម្ម និងក្លែងឯកសារសាធារណៈ។
បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។