បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ បៀ តូនូស ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្នាក់នៅបណ្ដោះអាសន្ន នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ករណីបាត់ម៉ូតូនៅចំណុចម្ដុំកាស៊ីណូផ្សារយួន កាលពីវេលាម៉ោង០៥ និង០០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រោយពីទទួលបានពាក្យបណ្ដឹង លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ម៉ៅ ណាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅមិនពិតប្រាកដ និងដកហូតបានម៉ូតូចំនួន១គ្រឿងដូចមានក្នុងពាក្យបណ្ដឹង ម៉ាកហុងដាហ្សូម័រអិច ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ដែលក្រុមហ៊ុនកាស៊ីណូប៉ោយប៉ែតផ្លាស់ប្រគល់ឱ្យជនរងគ្រោះជិះធ្វើការ។ ការឃាត់ខ្លួនជនសង្ស័យនេះនៅចំណុចបន្ទប់ជួលម្ដុំកាស៊ីណូ៩៩ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត វេលាម៉ោង០៩ និង០០នាទីព្រឹក ថ្ងៃ ខែ ឆ្នាំដដែល។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ចំណែកម៉ូតូប្រគល់ឱ្យម្ចាស់ដើមវិញ។