You are currently viewing លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដល់គ្រួសារសព

លោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ដល់គ្រួសារសព

កណ្តាល៖ ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅ​បញ្ជាការដ្ឋាន កងរាជអា​វុធ​ហត្ថ​ខេត្ត លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល តំណាងលោក​ នាយ​ឧត្តម​សេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេ​បញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនឹងនាយ នាយរងអាវុធហត្ថ បាន​អញ្ជើញ​ប្រគល់ ថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចំនួន ២៤,៤១២,៥០០រៀល ជូនគ្រួសារសពលោក អនុសេនីយ៍ឯក ពេជ្រ សុផុន ជំនួយការលេខាធិការដ្ឋានកងរាជអាវុធហត្ថ ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅ។ ក្នុង​ឱកាស​នោះដែរ លោកមេបញ្ជាការបានឱ្យដឹងផងដែរថា នេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្ត និងការស្រឡាញ់ របស់នាយ នាយរងអាវុធហត្ថ ក្នុងការចូលរួមចែករំលែកទុក្ខលំបាកគ្នាទៅវិញទៅមក ហើយថវិកាទាំងអស់នេះ គឺបានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តដោយទឹកចិត្តសប្បុរសធម៌របស់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជានាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទូទាំងរាជធានី-ខេត្ត និងសប្បុរសជនដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។​ ក្នុងនោះដែរថវិកាមូនិធិខេត្តចំនួន២,៥០០,០០០រៀល និង៥,០០០,០០០រៀល គឺជាថវិកាផ្ទាល់ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ផងដែរ។

តំណាងឲ្យគ្រួសារសពក៏បានថ្លែងអំណរអរគុណ ចំពោះទឹកចិត្ត និងការលះបង់របស់លោកនាយឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងនាយ នាយរងអាវុធហត្ថទូទាំងប្រទេស និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រោសព្រំប្រសិទ្ធិពរជ័យ និងទទួលបាននូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។​