កំពង់ស្ពឺ៖ ដោយមានការចង្អុលបង្ហាញ និងបានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ លោក វរសេនីយ៍ទោ សោម ពុទ្ធតារា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ បានអញ្ជើញទៅសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សំរិទ្ធ សន នាយរិយាល័យស្រាវជ្រាវបទល្មើសឧក្រិដ្ឋ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងជាអតីត មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឱរ៉ាល់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតនៅភូមិចាក់កាំបិត ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងបាននាំយកនូវគ្រឿងឧបភោគបរិភោគមានអង្ករ ៥០គីឡូក្រាម, មីម៉ាម៉ា ០២កេស, ត្រីខ ០១យួរ ទឹកស៊ីអ៊ីវ០២យួរ, ទឹកត្រី ០២យួរ, ទឹកបរិសុទ្ធ ០២កេស, ទឹកក្រូច និងទឹកផ្លែឈើ ០២កេស និងថវិកា ៥០០,០០០រៀល ។
ក្នុងនោះផងដែរលោក មេបញ្ជាការស្រុក ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និង ជូនពរ ពីសំណាក់លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការឱ្យខិតខំថែរក្សាសុខភាព ដើម្បីឆាប់ជាសះស្បើយ និងឆាប់បានចូលរួមបំរើការងារក្នុងអង្គភាពវិញ។
ក្នុងឱកាសនោះដែរលោក វរសេនីយ៍ត្រី សំរិទ្ធ សន ក៏បានថ្លែងអំណរគុណដល់ លោកមេបញ្ជាការស្រុក និងក្រុមការងារទាំងអស់ដែលឆ្លៀតពេលដ៏មមារញញឹក ចុះមកសួរសុខទុក្ខរូបលោកដល់គេហដ្ឋាន៕