You are currently viewing សេចក្ដីប្រកាសព័ត៌មានរបស់​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​

សេចក្ដីប្រកាសព័ត៌មានរបស់​កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជ្រាបថា បុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ៖ “ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្ក្រាប!”។
ឆ្លៀតក្នុងឱកាសនេះ កងរាជអាវុធហត្ថ ក៏សូមអំពាវនាវដល់បុគ្គលគ្រប់រូប សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកសារព័ត៌មាន និងសាធារណជន មេត្តាជ្រាបជាព័ត៌មាន។