ស្វាយរៀង៖ ទោះបីបញ្ហាវិបត្តិជំងឺឆ្លងកូវីដ១៩ ក៏ដោយកងរាជអាវុធហត្ថនៅតែបន្តកសាងហេដ្ឋារចនាសម្ពន្ធ សាងសង់ជំរំបន្ទាយ អគារធ្វើការ អគារស្នាក់នៅ និងអគារនានា ស្របតាមយុទ្ធសាស្ត្រដែលបានដាក់ចេញនាពេលកន្លងទៅ។
ជាក់ស្តែងព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថស្រុករមាសហែក នៅទីតាំងដីថ្មី មានទំហំ ៩៩ម៉ែត្រ គុណ ៨៣ម៉ែត្រ ដែលធំទូលាយជាង ទីតាំងចាស់។ ចំណែកឯទីតាំងចាស់នេះប្រគល់ជូនសាលាស្រុករមាសហែក នេះបើតាមប្រសាសន៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍ នាពេលកន្លងទៅ។ ការសាងសង់នេះ គ្រោងនិងចំណាយថវិកាសរុបប្រមាណជាង២៥ម៉ឺនដុល្លារ ក្នុងនោះសង់អគារ របង ប្រព័ន្ធលូ និងចាក់ដីបំពេញបន្ថែម។