បាត់ដំបងៈ បុរសម្នាក់ ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីលួច ស្ថិតនៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង កាលពីវេលាម៉ោង១៧ៈ៣០នាទី ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ កន្លងទៅ។
បើតាមប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថក្រុងបាត់ដំបង បានឱ្យដឹងថា កម្លាំងបានធ្វើការសាកសួរ ជនសង្ស័យពីអំពើលួចនេះ ជនសង្ស័យបានសារភាពថា ខ្លួនបានលួចប្រាក់ពីក្រុមហ៊ុនឈ្មោះ ហ៊ន សម្បតិ្ត ចំនួន៤០០៩ដុល្លា (បួនពាក់ប្រាំបួនដុល្លា) ពិតប្រាកដមែន រួចខ្លួនបានយកប្រាក់ ទាំងនោះទៅលាក់ទុកក្រោមគំនរស្មៅខាងមុខក្រុមហ៊ុន។
បន្ទាប់ពីទទួលបានចម្លើយសារភាព កម្លាំងកងរាជអាវុធហត្ថ ក៏នាំជនសង្ស័យទៅចង្អុលកន្លែងដែល ខ្លួនយកប្រាក់ទៅលាក់ទុក។
ជនសង្ស័យនិងវត្ថុតាង ត្រូវកងរាជអាវុធហត្ថក្រុងបាត់ដំបង កំពុងសាកសួរបន្ថែម និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី៕