បន្ទាយមានជ័យ៖ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្លន់យកម៉ូតូ កើតឡើងនៅចំណុចភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង១៩ និង៣០នាទី ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុ ដើម្បីសួរនាំហេតុការណ៍ដែលកើតឡើង ហើយធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ឈុំ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង 1AL-6610 ដែលជាម៉ូតូរបស់ជនរងគ្រោះ និងកូនកាំបិតចិតបន្លែ០១ដើមផងដែរ។ ការឃាត់ខ្លួនធ្វើឡើងនៅចំណុចម្ដុំអាគារថ្មីស្ថិតក្នុងភូមិអូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញហើយ ដោយឡែកជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកដីថ្មី ក្រុងប៉ោយប៉ែត។