បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ កែ សារិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-1605 កាលពីវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងខណៈពេលជនរងគ្រោះទុកម៉ូតូនៅមុខតូបជាងជួសជុលម៉ូតូដោយភ្លេចដកកូនសោរចេញ ហើយបានដេកលក់ បន្ទាប់ពីភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតតែម្ដង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងខណៈពេលជនសង្ស័យកំពុងយកម៉ូតូទៅលក់នៅចំណុចមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃខែឆ្នាំដដែល ដោយបានឃាត់ខ្លួន ជនសង្ស័ចំនួន ០២នាក់។
បច្ចុប្បន្នជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញ៕