កំពង់ឆ្នាំងៈ វេលាម៉ោង០៩ និង០០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបើកវគ្គបណ្តុះបណ្តាល នាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង
នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង នាយទាហានជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ ព្រមទាំងមានសិក្ខាកាមចំនួន៣០០នាក់ចូលរួមផងដែរ។ បន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ នាយកសាលារាយការណ៍រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ ថ្លែងអំណរគុណ និងកោតសរសើរដល់គណៈកម្មការជ្រើសរើសទ័ព បំពេញក្របខណ្ឌ ដែលខិតខំជ្រើសរើសតាមបណ្តារាជធានី ខេត្ត ស្របនឹងលក្ខខណ្ឌដែល កំណត់របស់ក្រសួងការពារជាតិ ហើយមានភាពយុត្តិធម៌ តម្លាភាព មិនរើសអើង មិនមានគ្រួសារនិយមទេ គឺជ្រើសរើសចេញពីកូនខ្មែរសុទ្ធសាធគ្រប់ស្រទាប់វណ្ណៈ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ណែនាំក្នុងអង្គពិធីថា ក្នុងនាមជាយោធិន នៃកងរាជអាវុធហត្ថ ត្រូវគោរពច្បាប់ លក្ខន្តិកៈ វិន័យ និងក្រមសីលធម៌ អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយមានការទទួលខុសខ្ពស់រួមមានៈ
១-ការលេងបណ្តាញសង្គមត្រូវឱ្យមានប្រយោជន៍ដល់ខ្លួនឯង គ្រួសារ អង្គភាព ជាពិសេសដល់សង្គមជាតិ។
២-មិនអាចបញ្ចេញមតិ ឬទស្សនៈជាសាធារណៈទេ ត្រូវសុំតាមឋានានុក្រម។
៣-ត្រូវរក្សាការសម្ងាត់កងទ័ព ការសម្ងាត់ប្រទេសជាតិ និងការសម្ងាត់វិជ្ជាជីវៈ។
៤-ត្រូវប្រុងប្រយ័ត្នក្នុងការនិយាយស្តី ហ្វឹកហាត់ត្រូវធានាសុវត្ថិភាពជាចំបង ជាពិសេសកាំភ្លើង គ្រាប់។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ បានផ្តាំផ្ញើដល់បណ្តាជំនាញនិងសាលាដូចខាងក្រោម៖
១-ការហ្វឹកហាត់ទាំងអស់ ត្រូវធ្វើឱ្យដូចមែនទែន មានការប្រុងប្រយ័ត្ន ដោយសន្សឹមៗ កុំបង្ខំហួសហេតុ។
២-សាលាត្រូវយកចិត្តទុកដាក់ ការហូបចុក ស្លៀកពាក់ ការរស់នៅ សុខភាពរបស់សិក្ខាកាម
៣-រៀបចំសកម្មភាពសប្បាយកំសាន្ត ដោយចាត់តាំងឱ្យមានការប្រឡងប្រណាំង ប្រកួតប្រជែង កីឡា សិល្បៈ ។ល។ ដើម្បីចូលរួមប្រកួតប្រជែតក្នុងកងយោធពលខេមរភូមិន្ទ។
៤-សាលាត្រូវរៀបចំការពារសន្តិសុខឱ្យបានល្អ និងរៀបចំបទបញ្ជាផ្ទៃក្នុងសាលា។
៥-ត្រូវពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា តាមឋានានុក្រម។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភប្រាក់ហូបដល់សិក្ខាកាមទាំង៣០០នាក់ និងអ្នកគ្រប់គ្រងលើគោលរបបដែលមានស្រាប់ឱ្យគ្រប់៨០០០រៀលក្នុងមួយថ្ងៃ។
