ខ្ញុំឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជាអ្នកនាំពាក្យកងរាជអាវុធហត្ថ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានឱ្យបានជ្រាបថា កាលពីយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង៩និង១០នាទី នៅភោជយនីដ្ឋានមហាលាភ៩៩៩៩ ស្ថិតនៅ ក្រុងសៀមរាប ។ មានករណីបង្ករបួសស្នាម និងផ្ទុះអាវុធ ដែលបង្កឡើងរវាងអ្នកផឹកសុី ក្នុងនោះមានបុគ្គលិកកងរាជអាវុធហត្ថម្នាក់ ដែលជាជនរងគ្រោះរបួសក្បាល និងជាអ្នកប្រើអាវុធបង្កការភ្ញាក់ផ្អើលប៉ុន្តែមិនបង្កឱ្យមានការរងរបួសឬបះពាល់ដល់ជីវិតមនុស្ស សត្វ ខូចខាតសម្ភារៈនោះទេ ។
ក្រោយកើតហេតុកងរាជអាវុធហត្ថខេត្តសៀមរាប បានចាត់វិធានការឃាត់ខ្លួននាយអាវុធហត្ថបង្កសម្លេងផ្ទុះ នៅក្នុងបន្ទាយ និងដកហូតអាវុធមករក្សាទុក ព្រមទាំងបើកធ្វើការស៊ើបអង្កេត ចំពោះករណីហិង្សាដោយចេតនា ក្នុងរឿងហេតុខាងលើទៅតាមនីតិវិធី និងអនុវត្តវិន័យកងទ័ពចំពោះបុគ្គលិកកងរាជអាវុធហត្ថ។ ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះអ្នកដែលពាក់ព័ន្ធនឹងអំពើហិង្សា ការបង្កការភ័យខ្លាចទាំងអស់ ។
ដូចបានជម្រាបជូនខាងលើសូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ។