ព្រៃវែងៈ នៅវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្តេច បានធ្វើការបង្ក្រាប ករណីពាក់ព័ន្ធជាមួយនូវសារធាតុញៀនចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់ នៅចំណុចវត្តតាគោក ស្ថិតនៅភូមិសំរោង ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង ។
បើតាមប្រភពពត៌មានពីមន្រ្តីកងរាជអាវុធហត្ថខេត្តព្រៃវែង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះ មានឈ្មោះ ឡេះ សុខគ្រី ភេទប្រុស អាយុ២៨ឆ្នាំ(ខ្មែរឥស្លាម) មុខរបរនេសាទ រស់នៅភូមិ ឃុំ ខាងលើ។
បន្ថែមពីនោះ កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់
០២. ទូរស័ព្ទ ចំនួន០១គ្រឿង។
ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕