រតនគិរី៖ ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តរតនគិរី លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២១។ ក្នុងពិធីនេះដែរ លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានកោតសរសើរដល់នាយ នាយរង និងពលអាវុធហត្ថខេត្ត ដែលបានប្រឹងប្រែងខិតខំធ្វើការងារដោយប្រកាន់ខ្ជាប់នូវច្បាប់ និងបទវិន័យបានយ៉ាងល្អប្រសើរ។
បានលើកសរសើរនូវមូលដ្ឋានក្រុងស្រុក ដែលបានអនុវត្តន៍នូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍មេបញ្ជាការ ក៏ដូចជាបទបញ្ជាមេបញ្ជាការអាវុធហត្ថខេត្ត ស្ដីពីការងារ ដាំដុះបង្កបង្កើនផលនិងចិញ្ចឹមសត្វ និងបានផ្សព្វផ្សាយដល់ នាយ នាយរង ពលវុធហត្ថទាំងអស់ត្រូវសំអាតខ្លួនប្រាណធ្វើអនាម័យបន្ទាយ កន្លែងស្នាក់នៅ និងប្រាប់ដល់ក្រុមគ្រួសារឱ្យយល់ដឹងអំពីជំងឺឆ្លងកូវីដ.១៩ ដោយមូលហេតុប្រទេសជិតខាងរបស់យើងជាពិសេសប្រទេសវៀតណាមដែលមានព្រំប្រទល់ជាប់នឹងខេត្តរតនគិរី មានការកើនឡើងនូវជំងឺកូវីដ.១៩ និងបានផ្សព្វផ្សាយផែនការស្តីពីការការពារទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺកូវិដ.១៩ និងស្រាវជ្រាវទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់នៅស្រុកជាប់ព្រំដែនគឺស្រុកអូរយ៉ាដាវនិងស្រុកអណ្តូងមាស៕