កំពង់ឆ្នាំងៈ នៅវេលាម៉ោង១៩ និង០០នាទី ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរិបូរណ៍ បានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ ពីបទហិង្សាក្នុងគ្រួសារ ស្ថិតនៅចំណុចភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកបរិបូរណ៍ ឃាត់ខ្លួននោះ មានឈ្មោះ សុខ សាម៉េត ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង។
ភ្នាក់ងារដដែលបានបន្តឱ្យដឹងទៀតថា មុនពេលកើតហេតុជនសង្ស័យបានមកពីផឹកស្រានៅខាងក្រៅ ពេលដែលត្រលប់មកផ្ទះវិញ ជនសង្ស័យក៏មានទំនាស់ពាក្យសំដីជាមួយប្រពន្ធ រួចមកមកជនសង្ស័យ ក៏ទាញយកដបសាំងចំនួន០២លីត្រ ដុតតូបអីវ៉ាន់ របស់ប្រពន្ធខ្លួនឯង បណ្តាលអោយខូចខាតឥវ៉ាន់ និងបណ្តាលអោយរងរបួសមនុស្សចំនួន០៤នាក់។
ភ្នាក់ងារដដែលបានបន្តទៀតថា ជនរងគ្រោះដែលរងរបួសដោយការដុតនេះមានឈ្មោះ ៈ
០១. លី សុគន្ធ ភេទស្រី អាយុ៣៩ឆ្នាំ រងរបួសមួយចំហៀងខ្លួន (ប្រពន្ធ) ។
០២. ម៉ៅ សុខលី ភេទស្រី អាយុ១០ឆ្នាំ របួសពេញខ្លួន (កូន)។
០៣. សុខ រិទ្ធា ភេទប្រុស អាយុ៥៥ឆ្នាំ រងរបួសចំទ្រូង (ឱពុកក្មេក)។
០៤. នូវ សំអុល ភេទប្រុស អាយុ៥១ឆ្នាំ រងរបួសដៃស្តាំ (ឱពុកមា)។
ជនសង្ស័យ ត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីខេត្តកំពង់ឆ្នាំង ដើម្បីសាកសួរពត៌មានបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕